ភ្នំពេញ ៖ មានជនសង្ស័យមួយក្រុម បានជិះម៉ូតូ៣គ្រឿងធ្វើសកម្មភាពឆក់យកខ្សែ.កពីស្ត្រីម្នាក់បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ មិនរំខានដល់សមត្ថកិច្ចនោះឡើយកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃអាទិត្យទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវលូក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឌី ណា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរចុងភៅនៅណាហ្គាវើលដ៍ ស្នាក់នៅក្រោយវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសម្ដីស្ត្រីរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1GU-5045 ចេញពីផ្ទះក្រោយវត្ត ក្នុងគោលបំណងទៅកន្លែងធ្វើការ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យ៥នាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកមកពីក្រោយធ្វើសកម្មភាពឆក់យកខ្សែ ក របស់ខ្លួនបណ្ដាលឲ្យដាច់មកជាប់នឹងករបស់គាត់ ហើយជនសង្ស័យបានជិះម៉ូតូបត់ត្រឡប់ក្រោយមករករូបគាត់ដើម្បីយកខ្សែ.កវិញ និងបានគំរាមថាបើមិនឱ្យខ្សែ.កទេ ពួកគេគំរាមវាយ ទេីបធ្វើឱ្យរូបខ្លួនភ័យក៏ប្រគល់ខ្សែ កឱ្យទៅជនសង្ស័យតែម្ដង រួចជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ទៅ។
ក្រោយកេីតហេតុ ជនរងគ្រោះក៏បានជិះម៉ូតូមកគោលដៅប៉ូលិសចរាចរណ៍រាជធានីភ្នំពេញ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យដោយរៀបរាប់ពីដំណើររឿងខាងលេី ខណៈគាត់ប្រញាប់ទៅធ្វើការមិនបានដាក់ពាក្យបណ្ដឹងក៏ជិះទៅធ្វើការបាត់ទៅ៕
ដោយ ៖ ភារ៉ា ដង្កោ