ខេត្តកំពង់ធំ៖ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបើករថយន្តរបស់រដ្ឋបុកយុវជនជាសិស្សពីរនាក់បណ្តាលឱ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់កំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំនេះបានកើតឡើងនៅល្ងាចថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២៤លេីកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំណុចច្រមុះជ្រូករូបតោស្ថិតក្នុងភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពថា គ្រោះថ្នាក់ចរាចរណ៍នោះបង្កឡើងរវាងរថយន្តនឹងម៉ូតូ។
ជនរងគ្រោះស្លាប់ជាសិស្សមានឈ្មោះ ឆាំ កក្កដា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ1O-2302 ក្នុងទិសដៅពីជេីងទៅត្បូង។
អ្នករួមដំណើររបួសធ្ងន់ឈ្មោះ ផាត សុភណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិពពេជ្រ ឃុំចុងដូង ស្រុកបារាយណ៍.ខេត្តកំពង់ធំ។
រថយន្តបង្កម៉ាកត្រៃតុន ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ១៧.២.០៧២៥.បេីកបរដោយឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនាយខណ្ឌរដ្ឋបាលព្រៃឈេីខេត្តកំពង់ធំ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចចរាចរណ៍បានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តមកអធិការដ្ឋាននគរបាលស្រុកសន្ទុករង់ចាំធ្វើការដោះស្រាយតាមក្រោយ។
មូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍នោះដោយសារអ្នកបើកបរម៉ូតូលឿនហើយរថយន្តបេីកបរមិនទុកចន្លោះសុវត្ថិភាព។
ក្រោយកើតហេតុសាកសពយុវជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យឪពុកម្តាយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯយុវជនដែលរងរបួសធ្ងន់ឪពុកម្តាយសាច់ញាតិដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកវត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធី៕
ដោយ៖ ជីវ័ន្ត