ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ប្រធាននាយកដ្ឋាន បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ បង្ក្រាបលើបទល្មើសឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដែលផ្តល់ផលចំណេញច្រើនត្រលប់មកវិញ ដោយប្រើប្រាស់បណ្តាញសង្គម Telegram ធ្វើជាមធ្យោបាយ និងបង្ហូរប្រាក់តាមរយ:គណនីធនាគារនៅកម្ពុជា។ នេះជាការពីអង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ការបង្ក្រាបនេះ បានចាប់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ត.ម.រ ភេទប្រុស ជាសហចារីធ្វើការទិញ-លក់ គណនីធនាគារ យកទៅឱ្យបក្សពួក ប្រព្រឹត្តបទល្មើសឆបោកពីជនរងគ្រោះជាច្រើននាក់ ហើយករណីនេះគឺនៅមានជនសង្ស័យមួយ ចំនួនទៀតដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផងដែរ។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យត្រូវបាននាយកដ្ឋានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ បច្ចុប្បន្នត្រូវបានចៅក្រមឃុំខ្លួនពីបទសមគំនិតក្នុងអំពើឆបោកមានស្ថានទម្ងន់ទោស ដាក់នៅមណ្ឌលអប់រំកែប្រែ ម១ ព្រៃស។
នាយកដ្ឋានសូមក្រើនរម្លឹកដល់ជនទូទៅ កុំឱ្យចូលរួមសកម្មភាពប្រមូលទិញ-លក់ គណនីធនាគារ យកទៅឱ្យតតិយជន ដែលអំពើនេះគឺជាបទល្មើសធ្វើឱ្យសាមីខ្លួនត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ៕
ដោយ ៖ សិលា