ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោក បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាជាមួយ លោកBuakeo Phumvongsay ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា។ ក្នុងជំនួបនោះ ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) លោកបណ្ឌិត លី ធុជ បានស្នើសុំឱ្យប្រទេសឡាវពិចារណាចូលរួមជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញាអូតាវ៉ា ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាបអង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ក្នុងខែវិច្ឆិកា ខាងមុខ។
លោកប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានបញ្ចាក់ប្រាប់ខាងភាគីឡាវទៀតថា ក្នុងនាមកម្ពុជាជាប្រធាន កម្ពុជានឹងខិតខំកៀរគរធនធាន និងស្វែងរកកិច្ចសហប្រតិបត្តិការ និងជំនួយពីដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានា ដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតមីនរបស់ប្រទេសឡាវ ក្នុងករណីដែលប្រទេសឡាវបានចូលរួមជារដ្ឋភាគីអនុសញ្ញា។ កម្ពុជានឹងប្តេជ្ញាគាំទ្រដល់ភាគីឡាវឱ្យអស់ពីលទ្ធភាព ក្នុងការបោសសម្អាតមីន និងអនុវត្តតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។ ជាមួយគ្នានោះ លោកបណ្ឌិត លី ធុជ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ឡាវក្នុងសកម្មភាពបោសសម្អាតគ្រាប់បែកចង្កោម ផងដែរ។
លោក Buakeo Phumvongsay បានអបអរសាទរដល់កម្ពុជាដែលទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងកោតសរសើរខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធាន។ ជាការឆ្លើយតបនឹងសំណើរបស់កម្ពុជា លោក Buakeo Phumvongsay នឹងធ្វើសេចក្តីរាយការណ៍ និងលើកសំណើបន្តទៅរដ្ឋាភិបាលនៃប្រទេសឡាវ ដើម្បីធ្វើការពិចារណា។
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា បានកក់សំគាល់ថា ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយដែលកម្ពុជានឹងរៀបចំ ហើយប្រជាជនជុំវិញពិភពលោក នឹងមកទស្សនាខេត្តសៀមរាប តាមរយៈការចូលរួមសន្និសីទអន្តរជាតិនៃអនុសញ្ញាអូតាវ៉ា ដើម្បីជំរុញពិភពលោកមួយដែលគ្មានមីន។ ប្រទេសឡាវបានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕
ដោយ៖ ចន្ទ លីហ្សា