ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបានសរសេរសារបង្ហោះក្នុងគ្រុប Telegram ឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមយកមកបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ បង់តាម ABA ទៅឱ្យជនស៊ីវិល ចំនួន២០ដុល្លារ ពីគាត់ខណៈគាត់ជូនម្តាយទៅមន្ទីរពេទ្យជាបន្ទាន់។
ជុំវិញការចោទប្រកាន់នេះ សូមឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំព័ត៌មានមួយចំនួន ក្នុងការស្វែងរកយុត្តិធម៌ជូន។ ដោយលេខទូរស័ព្ទរបស់ស្ត្រីឈ្មោះ គង់ ម៉ូលីកា សមត្ថកិច្ចព្យាយាមទំនាក់ទំនងសួរនាំ ប៉ុន្តែទាក់ទងមិនបាន។
ដោយឡែកចំពោះមន្ត្រីនគរបាលចរាចរណ៍ និងជនស៊ីវិល ដែលរងការចោទប្រកាន់ សមត្ថកិច្ចជំនាញបានកោះហៅចូលខ្លួនមកបំភ្លឺ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចហើយ។
សូមបញ្ជាក់ថា ៖ ស្ត្រីឈ្មោះ គង់ ម៉ូលីកា បានបង្ហោះ និយាយពីមន្ត្រីចរាចរណ៍ និងជនសុវិល យកលុយនាងហើយ សុំលេងទូរស័ព្ទហើយខល ឆាតញ៉ែ ប៉ុន្តែជាក់ស្តែងមិនដឹងថា ពិតឬមិនពិត រហូតដល់មានប្រព័ន្ធផ្សព្វផ្សាយបានបង្ហោះបន្ត ដោយដកស្រង់សំណេរនាងថា ៖ នាងខ្ញុំឈ្មោះ ម៉ូលីកា
សូមប្តឹងទៅលោកពូ ៗ មេ ប៉ូលីស ក្រសួងមហាផ្ទៃ លោកពូ អភិសន្តិបណ្ឌិត ស សុខា និង លោកអ៊ុំ ជួន ណារិន្ទ ដែលជាស្នងការរាជធានីភ្នំពេញ
ម្សិលមិញថ្ងៃព្រហស្បត៍ ទី ១ ខែ កុម្ភះ ឆ្នាំ ២០២៤
វេលាម៉ោង 2:00pmរសៀល
នាងខ្ញុំបានចេញពីរផ្ទះនៅស្ទឹងមានជ័យដែលនាងខ្ញុំបើកឡានជូនម្តាយទៅពេទ្យបន្ទាន់ ដោយសារម្តាយ ថប់ដណ្ហើម ដោយសារគាត់មានជំងឺបេះដូង ញុំាអត់ទៀងទាត់ក៏បានធ្វើទុក្ខគាត់ខ្លាំង។
នុះមកដល់ចំណុង ស្តុប ក្តាន់ នៅវេលាម៉ោង 2:53pmរសៀល នាងខ្ញុំឃើញស្តប់ពណ៌លោតហើយ ឡានខ្ញុំជ្រុង ក៏បានឈប់ គោរពច្បាប់មិនទៅមុខទៀតទេ ខ្ញុំឈប់លើគំនូស សរ ហើយពេលភ្លើងលោតបៃតង ខ្ញុំក៏ទៅមុខទៅមុខទៀតឆ្លងកាត់ចូលផ្លូវបឹងកក់ ពេលនោះមាន ប៉ូលីស គ្នា ៣នាក់ មានគ្នា២នាក់ចុះមកចាប់ឡាននាងខ្ញុំ ហើយ បានអញ្ជើញនាងខ្ញុំចុះ ខ្ញុំសួរថាពូចាប់ តើខ្ញុំខុសអី?
គាត់ថា មីអូនឯងមិនបាច់និយាយច្រើនទេ ចុះទៅដឹងហើយ
នាងខ្ញុំថា ពូ ខ្ញុំប្រញាប់ជូនម្តាយទៅពេទ្យ គាត់ថប់ដណ្ហើម
តែពួកគាត់អត់ព្រមទេ ហើយនិយាយថា ហែងចុះសិនបើគាត់ដកចង្ការមាន់ចាំអាញហៅឡានពេទ្យដឹងទៅពេទ្យ😤
ពេលខ្ញុំទៅជួបពូប៉ូលីសម្នាក់ទៀតនៅអង្គុយក្បែរម៉ូតូគាត់សុំត្រួតពិនិ្យប័ណ្ណបើកបរ ពេលនោះខ្ញុំអោយគាត់មើលហើយគាត់ថា ចុះឯណា វិញ្ញាប័ត្រ ឆៀក និង កាតគ្រី គាត់ថាឡានមីអូនឯង ផុត ឆៀកហើយ ចឹង មាត្រ ៨០ គេពិន័យ ឆៀក ២០មុឺន មួយទៀត ឈប់លើគំនូស 15 មុឺន ទៀត
ខ្ញុំថាពូ ខ្ញុំសុំជូនពូ 20 $ ទៅបានហើយ ព្រោះប្រញាប់ម្តាយទៅពេទ្យ គាត់បើប្រញាប់ បង់ គំនូសជាក់ស្តែងទៅ បញ្ចុះតំលៃអោយ សល់ ២៥ មុឺន រៀល
ចុងក្រោយគាត់ថាបើអត់លុយយកឡានទៅទុកចោលនៅខណ្ឌសិន ខ្ញុំសួរខណ្ណ នៅឯណាគាត់ថានៅដូនពេញ
ខ្ញុំថាឥឡូវពូយកន្មានតែមានតែគង់ 17មុឺន រៀលទេ
គាត់ ថាទៅជួបមេគាត់ដែលពាក់ សុីវិលទៅ
ពេលទៅជួប បងជនសុីវិលនោះគាត់គាត់បាញ់ ABA មក ហើយ យក 20$ ទៅអោយកូនចៅគាត់មិញទៅ គាត់អង្គុយជិតម៉ូតូ ខ្ញុំមើលឈ្មោះព្រិលៗ ឈ្មោះ ខៀ សុខឡាយ
នាងខ្ញុំសួរ គាត់ថា ចុះឯណាប័ណ្ណផាកគាត់ថាបើចង់បានយកឡានទៅខណ្ឌសិន រឺ យកទៅ ក្រោយវាំង ហើយជនសុីវិលនេះ ឆ្លៀតយកលុយខ្ញុំហើយសុំលេខមកញ៉ែនាងខ្ញុំទៀត ថោកណាស់សូមសំណូមពរ លោកពូ ជួន ណារិន្ទ ណែនាំពួកគាត់ផង ចេះអនុគ្រោះដល់អ្នកជំងឺក្នុងឡាបផង ។
សូមដានទាំងអស់គ្នា ចំពោះព័ត៌មានលម្អិត ពេលសមត្ថកិច្ច ស្រាវជ្រាវរួចរាល់ ៕
ដោយ ៖ សិលា