ភ្នំពេញ ៖ នាទីស្តីការក្រសួងយុត្តិធម៌ នៅថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យក្រុមការងារតំណាងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលដឹកនាំដោយ លោក ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ធ្វើបទបង្ហាញអំពីការងារពាក់ព័ន្ធនឹងប្រព័ន្ធឌីជីថល សម្រាប់បម្រើឱ្យការងារក្នុងវិស័យសាធារណៈ រួមមាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការរបស់រាជរដ្ឋាភិបាល go.gov.kh និងថ្នាលសេវារដ្ឋាភិបាលឌីជីថលមួយចំនួនផ្សេងទៀត។ ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌មួយចំនួន ដែលមានការពាក់ព័ន្ធផងដែរ។ បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានណែនាំឱ្យក្រុមការងារក្រសួងយុត្តិធម៌ សហការជាមួយក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល រៀបចំការងារចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឱ្យបានឆាប់រហ័ស ដើម្បីអាចចាប់ផ្តើមកិច្ចសហការលើការងារពាក់ព័ន្ធនឹងប្រព័ន្ធឌីជីថលនេះ៕
ដោយ ៖ សិលា