ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកម៉ូតូសិស្សសាលា២គ្រឿងបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ សិស្សាម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម រីឯ២នាក់ទៀតរបួសធ្ងន់ ខណៈជិះម៉ូតូសុខៗស្រាប់តែមានរថយន្តធុនធំបុកពីក្រោយពេញមួយទំហឹង កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៣និង១០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ 

    មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមាន៣នាក់ ទី១ឈ្មោះ ឡេង រ៉ាយុ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស (ស្លាប់បាត់បង់ជីវិត) បើកម៉ូតូហុងដាឌ្រីមC125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GC 8445 ,ទី២ឈ្មោះ ពឺន សេងហ័រ ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ជាអ្នករួមដំណើរ (របួសធ្ងន់) អ្នកទាំងពីរមានទីលំនៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ ទី៣ ឈ្មោះ ម៉ន ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល (របួសធ្ងន់) បើកបរម៉ូតូ ម៉ាកហុងដាស្គុបពី ពណ៌ខ្មៅ គ្មានស្លាកលេខ។

ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ3F-9620 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

     ប្រភពដដែលបន្តថា កាលពីថ្ងៃខែឆ្នាំកើតហេតុ​ មានរថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ3F-9620 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីត្បូងទៅជើង (កោះធំ.តាខ្មៅ) ពេលបើកបរមកដល់ចំណុចភូមិឃុំកើតហេតុ អ្នកបើកបររថយន្ដខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីពណ៌ខ្មៅគ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉ន ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ដែលកំពុងបើកបរស្របទិសគ្នាក្នុងទិសដៅពីត្បូងទៅជើង។បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ហើយរថយន្តខាងលើនោះក៏បានបន្តបុកម៉ូតូខាងមុខមួយទៀតម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GC 8445បើកបរដោយឈ្មោះឡេង រ៉ាយុភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរសិស្ស និងអ្នករួមដំណើរម្នាក់ឈ្មោះ ពឺនសេងហ័រ ភេទប្រុស អាយុ ១៧ ឆ្នាំមុខរបរសិស្សអ្នកទាំងពីរមានទីលំនៅភូមិឬស្សីដាច់ឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាល។បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុនិងអ្នករួមដំណើររងរបួសធ្ងន់។ពេលបុករួចអ្នកបើកបររថយន្តបានបើករថយន្តបន្តទៅមុខទៀតហើយបានបើករថយន្តទៅប្លុងចោលនៅចុងព្រែកក្នុងឃុំកោះខែលស្រុកស្អាងខេត្តកណ្ដាលហើយក៏បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ទៅ។

     ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនៃអធិការរដ្ឋាននគរបាលស្រុកស្អាងបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងស្រាវជ្រាវរកអ្នកបើកបរនិងយកវត្ថុតាងដែលពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។

ចំណែកអ្នកដែលស្លាប់សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យហើយប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នករបួសទាំង ០២នាក់ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។

    ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពី​អ្នកបើកបររថយន្ដហ៊ីយ៉ាន់ដាយបើកបរបុកអ្នកបើកបរម៉ូតូពីក្រោយ   បើកមានការធ្វេសប្រហែស ខ្ជីខ្ជា មិនមានការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖