ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៤ អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់ពី គន្លឹះសំខាន់ៗ ៦ ចំណុច ៗ ក្នុងការរក្សាសុវត្ថិភាពឌីជីថល៖
1️⃣គិតមុនចុច៖ រក្សាការប្រុងប្រយ័ត្នជានិច្ច ចំពោះតំណភ្ជាប់ ដែលអ្នកទទួលបានតាមរយៈអ៊ីមែល សារ ឬខណៈពេលចូលមើលគេហទំព័រផ្សេងទៀតដែលមិនមានសុវត្ថិភាពគ្រប់គ្រាន់។
2️⃣ដំឡើងការផ្ទៀងផ្ទាត់ពហុកត្តា (MFA)៖ ពេលអ្នកចូលទៅកាន់គណនីអនឡាញរបស់អ្នកនឹងតម្រូវឲ្យមានការផ្ទៀងផ្ទាត់មួយផ្សេងទៀតបន្ថែមទៀត រួមជាមួយនឹងពាក្យសម្ងាត់ ដូចជាលេខកូដ ស្នាមម្រាមដៃ និង OTP នៅក្នុងអ៊ីមែល ឬលេខទូរស័ព្ទរបស់អ្នក។
3️⃣ប្រើពាក្យសម្ងាត់ខ្លាំង និងខុសពីគ្នា៖ អ្នកគួរតែប្រើពាក្យសម្ងាត់ខ្លាំងដែលមានអក្សរ លាយ លេខ និងសញ្ញា។ ជៀសវាងពាក្យ ឬលេខ ដែលងាយស្រួលនឹងទាយ ជាពិសេសអ្នកត្រូវប្រើពាក្យសម្ងាត់ផ្សេងៗគ្នាសម្រាប់គណនីផ្សេងគ្នារបស់អ្នកទាំងអស់។
4️⃣ប្រើ Firewalls និង Anti-Virus៖ ការប្រើប្រាស់កម្មវិធីប្រឆាំងមេរោគ និងជញ្ជាំងភ្លើង វាជួយឲ្យឧបករណ៍ ឌីជីថលរបស់អ្នក មានសមត្ថភាពការពារខ្លួន និងប្រឆាំងនឹងការវាយប្រហារផ្សេងៗ។
5️⃣ធ្វើបច្ចុប្បន្នភាពកម្មវិធី និងប្រព័ន្ធឲ្យបានទៀងទាត់៖ អ្នកត្រូវធ្វើបច្ចុប្បន្នភាព ប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីទាំងអស់ឲ្យទាន់សម័យ ចំពោះបំណះសុវត្ថិភាព (Security Patch) និងកំណែទម្រង់(Updates) ចុងក្រោយបំផុត។
6️⃣ ចែករំលែកចំណេះដឹងបន្ត៖ ចែករំលែកចណេះដឹងបន្តទៅឲ្យក្រុមគ្រួសារ ក្រុមការងារ និងមិត្តភក្តិបានយល់ដឹង ដើម្បីរួបរួមគ្នាការពារសុវត្ថិភាពឌីជីថលឲ្យបានប្រសើរជាងមុន ៕
ដោយ ៖ សិលា