ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៣៨នាក់ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀននៅខេត្តកំពង់ឆ្នាំង ក្នុងខែមករា ឆ្នាំ២០២៤ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រីអ៊ៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងដែលបានលើកឡើងកាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ០២៤នេះ ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានបញ្ជាក់ថា នៅខែមករាកន្លងមកនេះ កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរមូលដ្ឋាននិងកម្លាំងពាក់ព័ន្ធ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន១៦ករណី ឃាត់ជនសង្ស័យបានចំនួន៣៨នាក់ ដកហូតវត្ថុតាងបានម៉ាទឹកកកចំនួន១០១កញ្ចប់ ទូរស័ព្ទដៃ៣១គ្រឿង ម៉ូតូ៤គ្រឿង ព្រមទាំងសម្ភារសេពគ្រឿងញៀនមួយចំនួនទៀត។ នេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាគឺនៅខែមករានេះមានការកើនឡើង៣ករណី ។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបញ្ជាក់ទៀតថា បើទោះបីករណីបទល្មើសគ្រឿងញៀនមានការកើនឡើងក៏ដោយ ប៉ុន្តែសមត្ថកិច្ចនៅតែបន្តទប់ស្កាត់ និង បង្រ្កាបជាប្រចាំនៅគ្រប់មូលដ្ឋាន ក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង៕
ដោយ៖ ចន្ថា