ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប ប្រជុំស្តីពីដំណើរការនៃការឃោសនាបោះឆ្នោត និងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធទាំង អស់ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ដើម្បីផ្សព្វផ្សាយ ខ្លឹមសារសំខាន់ចំនួន២ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។  កិច្ចប្រជុំស្តីពីការចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះ ឆ្នោត និងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងពេលឃោសនាបោះឆ្នោត។ 

លោក យិច សមិទ្ធិ សមាជិក គ.ជ.ប បានថ្លែងថា ការចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សរុប ១៤ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន ៤ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។ ជាការឃោសនាបោះឆ្នោត គឺជាការជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយ ឬបេក្ខជន។ 

ការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅតាមមណ្ឌលភូមិភាគនីមួយៗ ដែលគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវបានអនុញ្ញាតឱ្យធ្វើយ៉ាងច្រើន ២ ដងប៉ុណ្ណោះ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ការជួបជុំ ឬការឃោសនា នៅតាមផ្ទះ។ ការផ្សព្វផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ឬសារព័ត៌មាន។ 

ការផ្សព្វផ្សាយតាមរលកអាកាស ឬការឃោសនាតាមឧបករណ៍បំពងសំឡេង ឬតាមរយៈការចាក់ផ្សាយកាស្សែតវីដេអូ ឬវីស៊ីឌី ឬឌីវីឌី ឬហ្វ្លាស Flash ក្នុងរោងវីដេអូសាធារណៈ ឬទីធ្លាសាធារណៈ។ សកម្មភាពបិទផ្សាយនូវបដាពាក្យស្លោក កម្មវិធីនយោបាយ ឬរូបភាពឃោសនានានា។ សកម្មភាពចែកខិត្តបណ្ណគណបក្សនយោបាយ។ សកម្មភាពចែកស្លាកសញ្ញាគណបក្សនយោបាយ ឬមួក សម្លៀកបំពាក់ សម្ភារផ្សេងៗទៀត ដែលបោះពុម្ព ឬគូរ ឬផលិត ដែលមានស្លាកសញ្ញាគណបក្សនយោបាយ ឬ/និងបេក្ខជន។

 សកម្មភាពលើកបដានៅទីសាធារណៈណាមួយ ឬ/និងដំឡើងបន្ទះក្ដារបិទប្រកាសផ្សាយពីគោលនយោបាយរបស់គណបក្សនយោបាយ ឬបេក្ខជន។ ការប្រគុំតន្ត្រីនៅទីកន្លែងណាមួយ ឬច្រៀងចម្រៀងឃោសនាបោះឆ្នោត ឬការលេងភ្លេងឃោសនាបោះឆ្នោត។ ការរៀបចំកម្មវិធីប្រកួតកីឡា ដើម្បីគាំទ្រគណបក្សនយោបាយណាមួយ ឬ/និងបេក្ខជនណាម្នាក់៕

ដោយ៖ សូរិយា


ចែករំលែក៖