ភ្នំពេញ ៖ សីលធម៌បានធ្លាក់ចុះ បើម្តាយគ្មានក្តីមេត្តា គ្មានឧត្តមគតិជាមនុស្ស ឯណាទៅពាក្យថា មាតាពិភពលោក ? ជាក់ស្តែង ! ទារកអភ័ព្វម្នាក់ត្រូវបានឪពុកម្ដាយមិនស្គាល់មុខ យកមកប្លុងចោលនៅក្នុងបុរីធូរលន ហើយត្រូវបានសន្តិសុខប្រកាសស្វែងរកសាច់ញាតិនិងអ្នកយកទៅចិញ្ចឹមបន្ត។
សូមបញ្ជាក់ថា ៖ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤និង ០០នាទីរសៀលថ្ងៃទី ៧ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីអ្នកឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅវេលាម៉ោង ៤និង ០០នាទីរសៀល ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានប្រទះឃើញទារកម្នាក់ត្រូវបានគេយកមកផ្លុងចោលក្នុងបុរីធូលន។ ឃើញដូច្នេះក៏បានរាយការណ៍ទៅសន្តិសុខយាមក្នុងបុរីធូលន។
ក្រោយពីសន្តិសុខបានយកក្មេងនោះមករក្សាទុកហើយក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងបានចុះមកដល់ទីតាំងខាងលើ។ រួចក៏រាយការណ៍បន្តទៅអាជ្ញាធរក្នុងសង្កាត់ចោមចៅទី ២ ក្រោយពីរាយការណ៍រួច លោកចៅសង្កាត់ចោមចៅបានយកក្មេងនោះទៅរក្សាទុកនៅក្នុងសង្កាត់ចោមចៅទី ២។
បច្ចុប្បន្នទារកខាងលើត្រូវបានលោកចៅសង្កាត់ចោមចៅទី ២ យកទៅរក្សាទុកនៅសង្កាត់ដើម្បីស្វែងរកសប្បុរសជនយកទៅចិញ្ចឹមបន្ត ក៏ដូចជាស្វែងរកសាច់ញាតិយកទៅបីបាច់ថែរក្សាឡើងវិញ។
ពិតជាអាណិតក្មេងណាស់ កើតចំឪពុកម្តាយចិត្តមិនមែនជាមនុស្សពិតប្រាកដ មិនប្រកបដោយព្រហ្មវិហារធម៌នោះ ៕
ដោយ ៖ សិលា