ព័ត៌មានទាន់ហេតុការណ៍៖

គេចូលឆ្នាំចិន វៀតណាមសប្បាយ ចំណែក បុរសម្នាក់ព្រោះតែជីវភាពទីទាល់ក្រដើរបេះត្រួយអាណោជាន់មីនផ្ទុះដាច់ជើងរងរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដើរបេះស្លឹកត្រួយអាណោដើម្បីយកទៅលក់ ជាន់មីនរងរបួសដាច់ជើងម្ខាងនិងម្ខាងទៀតបែកសាច់អស់នៅសល់តែឆ្អឹង នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ 

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាន់ កំសត់ ភេទប្រុស អាយុ៣៥ឆ្នាំ បានដើរចូលទៅរកបេះស្លឹកត្រួយអាណោនៅក្នុងព្រៃ ដើម្បីយកទៅលក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែបែរជាដើរជាន់ប៉ះគ្រាប់មីនប្រភេទK 59បណ្តាលឱ្យផ្ទុះរងរបួសដាច់ជើងស្តាំ និងជើងឆ្វេងរបួសអស់សាច់សល់តែឆ្អឹងចាប់ពីកំភួនជើងចុះក្រោម ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ដើម្បីជួយសង្រ្គោះ ។

សមត្ថកិច្ចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕

ដោយ៖ វណ្ណា


ចែករំលែក៖