ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២៤ បានថ្លែងថា ៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ខ្ញុំ និងភរិយា សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានសែស្រឡាយចិនទាំងអស់ និង បងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល និងមានលាភសំណាង សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ក្នុងទឹកដីកម្ពុជាប្រកបដោយសុខសន្តិភាព ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ៖ ទន្ទឹមនេះ សូមបងប្អូនជនរួមជាតិទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែសដែលអាចកើតមានគ្រោះអគ្គីភ័យជាយថាហេតុ និងសូមបងប្អូនជនរួមជាតិទាំងអស់ចៀសវាងការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហើយសូមអញ្ជើញធ្វើដំណើរកម្សាន្តក្នុងថ្ងៃបុណ្យដែលជាថ្ងៃចុងសប្តាហ៍ ដោយបើកបរក្នុងស្មារតីប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព ព្រមទាំងទទួលបានសេចក្តីសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារ កុំបីខានឡើយ៕
ដោយ ៖ សិលា