ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិនិងអ្នកធ្វើដំណើរនាំគ្នាចោមរោមមើលនិងប្រញាប់ប្រញាល់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានខណៈប្រទះឃើញសពនៅខាងលិចស្ពានតាហួន នៅក្នុងស្រុករមាសហែក។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង១៥នាទី ព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវក្រាលក្រួសក្រហមត្រង់ចំណុចខាងលិចស្ពានតាហួន ភូមិ អារក្សស្វាយ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា សពខាងលើត្រូវបានស្គាល់ឈ្មោះ ប៉ែន អ៊ុល អាយុ ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិ តាត្រាវ ឃុំ កំពង់ត្រាច ស្រុករមាសហែក ខេត្ត ស្វាយរៀង។
ប្រភពបន្តថា ក្រោយពីមានសេចក្តីរាយការណ៍ពីអាជ្ញាធរភូមិថា មានមនុស្សស្លាប់ខាងលិចស្ពានតាហួនភ្លាមសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យ។
ក្រោយមកបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនខណៈមិនមានស្នាកស្នាមអ្វីជារឿងឃាតកម្មនោះទេ។
បើតាមក្រុមគ្រួសារបុរសខាងលើបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា គាត់មានជំងឺសរសៃប្រសាទយូរឆ្នាំមកហើយខណុះបានយកទៅព្យាបាលនិងផឹកថ្នាំសង្កូវដែរប៉ុន្តែនៅមិនធូរស្រាលសោះ លុះនៅថ្ងៃកើតហេតុស្រាប់តែមានអ្នកភូមិប្រាប់ថាមានមនុស្សលង់ទឹកស្លាប់ទើបក្រុមគ្រួសារទៅមើលស្គាល់ថាពិតជាឪពុករបស់ខ្លួនប្រាកដមែន។
ក្រោយពិនិត្យសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់សពអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុថាន