ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រសួង បានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនជាមួយគ្នានោះខ្យល់មូសុងឦសានបន្តបង្កើនឥទ្ធិពលនិងល្បឿនបក់មកលើកម្ពុជា ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសានធាតុអាកាសត្រជាក់នៅពេលព្រឹក។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២០-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី
⁃ នៅថ្ងៃទី១២-១៣ ខែកុម្ភៈ ខេត្តប៉ៃលិន ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមារង្វង់១៩°C។
២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី១៧-២៥°C សីតុណ្ហភាពអតិបរមាពី៣២-៣៥°C
⁃ នៅថ្ងៃទី១២-១៣ ខែកុម្ភៈ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៧-១៩°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់ពី០,៧៥-១,៧៥ម៉ែត្រ៕
ដោយ៖ តារា