ខេត្តស្វាយរៀង៖ បុរសជាកម្មករម្នាក់ជិះម៉ូតូមិនប្រកាន់ស្ដាំទៅបុកជាមួយរថយន្តដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១២ខែកុម្ភ:ឆ្នាំ២០២៤លើផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រ ១៣៦-១៣៧ ស្ថិតក្នុងភូមិប្រសូត្រ២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ ប៉េង គង់ អាយុ ២២ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទួលទ្រា ឃុំជ្រុងពពេល ស្រុក រំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១L-២៨២៤ ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើកបររថយន្តត្រូវបានស្គាល់ឈ្មោះសួន តុលា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិ បន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោយកើតហេតុឃើញសភាពការណ៏មិនស្រួលបានរត់គេចខ្លួនភ្លាមៗ បន្សល់ទុករថយន្តម៉ាក TOYOTA CAMRY ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ២BU-៧៧២៦ ។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១L-២៨២៤ ដោយធ្វើដំណើរពីកើតទៅលិច ដោយប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្តាំ ក៏បុកជាមួយរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BU-៧៧២៦ ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់ឮសូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។
ចំពោះមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ត្រូវបានសមត្តកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ។
ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ សុថាន