ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងបរិស្ថានត្រៀមដាក់ចេញយុទ្ធនាការសំអាតបឹងទន្លេសាប ០១ មីនា ២០២៤ ដើម្បីការពារត្រីដែលជាប្រភពអាហារូបត្ថម្ភរបស់ប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ត្រីជាប្រភពអាហារូបត្ថម្ភដ៏ចម្បងរបស់ប្រជាពលរដ្ឋកម្ពុជា ហើយដើម្បីការ ពារនូវប្រភពទ្រទ្រង់សុខភាពប្រជាពលរដ្ឋ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថានបានត្រៀមដាក់ចេញនូវយុទ្ធនាការសំអាតបឹងទន្លេសាប នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងជំហានទី១នៃការកាត់ បន្ថយសំណល់ប្លាស្ទិកនៅលើគោក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ! ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមជាង៤លាននាក់។ ការថ្លែងឡើងរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងស្វែង យល់អំពីការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើររវាងអង្គការសហ ប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) និងក្រសួងបរិស្ថាន នៅទីស្តីការក្រសួង នាសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។

កញ្ញា អ៊ីដា ក្រាចា (Eda Kraja) អ្នកគ្រប់ គ្រងប្រចាំប្រទេសកម្ពុជា-ឡាវនៃការិយា ល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង UNOPS បានជម្រាបជូនលោករដ្ឋមន្រ្តីអំពីវត្ថុបំណងនៃជំនួប ដើម្បីបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨។ លើសពីនេះកញ្ញា អ៊ីដា ក្រាចា (Eda Kraja) ក៏ចង់ស្វែងយល់បន្ថែមដែរអំពី ការងារអាទិភាពដើម្បីផ្សារភ្ជាប់ជាមួយគម្រោងជាសកលផ្សេងៗទៀតរបស់ UNOPS តាមរយៈការសម្របសម្រួលគម្រោងការងារជាមួយដៃគូជាច្រើនដូចជា មូលនិធិអាកាសធាតុបៃតង(GCF), ភាពជាដៃគូ(NDC partnership), UNEP មជ្ឈមណ្ឌលអាកាសធាតុទីក្រុងCopenhagen។

ស្របជាមួយគ្នានេះលោករដ្ឋមន្រ្តីបានអរគុណចំពោះដៃគូអភិវឌ្ឍន៍ដែលកន្លង មកបានរួមចំណែកជាមួយវិស័យបរិស្ថាន និងបានបង្ហាញជូនអំពីភាពជោគជ័យនៃការប្រែប្រួលឥរិយាបថរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាចំពោះការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការរៀបចំទុកដាក់សំរាម និងការបែងចែកសំរាមបានត្រឹមត្រូវដើម្បីធានាបាននូវភាពស្អាតពីបរិវេណជុំវិញផ្ទះ សាលារៀន វត្តអារាម រួមនឹងសហគមន៍មូលដ្ឋាន។ 

ជាមួយភាពស្អាតដែលកើតចេញពីសាមគ្គីភាព និងកម្លាំងនៃការរួបរួមចិត្តជាធ្លុងមួយនេះ នឹងធ្វើឱ្យកម្ពុជាស្អាតគឺទាំងនៅលើគោក ក្នុងទឹក និងអាកាស ហើយមរតកស្អាតនឹងបន្តទៅអ្នកជំនាន់ក្រោយហើយសាយភាយទៅប្រទេសជុំវិញក្នុងតំបន់អាស៊ី៕

ដោយ៖ សូរិយា


ចែករំលែក៖