ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើកុំឱ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ ចាត់ទុកការងារអធិការកិច្ច គឺជាការចាប់កំហុស តែផ្ទុយទៅវិញ ជាការតាមដានត្រួតពិនិត្យ ដើម្បីប្រសិទ្ធភាពការងារ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការងារអធិការកិច្ចបានជួយដល់អភិក្រមចំនួន៤ ហើយសម្តេចបានស្នើកុំឱ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ ចាត់ទុកការងារអធិការកិច្ចគឺជាការចាប់កំហុស ប៉ុន្តែផ្ទុយទៅវិញ គឺជាការតាមដានត្រួតពិនិត្យ ដើម្បីប្រសិទ្ធភាពការងារ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ បច្ចុប្បន្នរាជរដ្ឋាភិបាល បានបង្កើតនូវយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង-ស្ថាប័ន ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការងារនៅតាមបណ្ដាក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិនិងក្រោមជាតិ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារឱ្យមានប្រសិទ្ធភាពទៅដល់ប្រជាពលរដ្ឋ។

ទន្ទឹមនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកកិច្ចការងារអធិការរកិច្ចនេះ គឺជាកិច្ចការងារសំខាន់ ប៉ុន្ដែកិច្ចការងារនេះ ក្រសួងអធិការកិច្ចត្រូវមើលផ្ទះខ្លួនឯង និងត្រូវមើលលើកិច្ចការងាររដ្ឋឱ្យស្អាតជាមុនសិន។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា ៖ កិច្ចការងារអធិការកិច្ចនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិកន្លងទៅ បានចាត់ទុកជាស្នូលធំបំផុត គឺកិច្ចការងារអធិការកិច្ចមានន័យថា រៀបចំផ្ទះខ្លួនឯងឱ្យស្អាត ទើបអាចចេញទៅបម្រើប្រជាពលរដ្ឋបាន។ ក្នុងន័យនេះក្រសួងអធិការកិច្ចបានដើរតួនាទីសំខាន់ ដើម្បីបញ្ជាក់ពីការពង្រឹងកិច្ចការអភិបាលកិច្ចនេះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សម្ដេចធិបតីថ្លែងថា៖«បើរដ្ឋមិនទាន់គ្រប់គ្រងខ្លួនឯងបានទេ សួរថាតើរដ្ឋអាចទៅធ្វើអ្វីបាន»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកកិច្ចការងារអធិការរកិច្ចនេះ គឺជាកិច្ចការងារសំខាន់ ប៉ុន្ដែកិច្ចការងារនេះ ក្រសួងអធិការកិច្ចត្រូវមើលផ្ទះខ្លួនឯង និងត្រូវមើលលើកិច្ចការងាររដ្ឋឱ្យស្អាតជាមុន ៕

ដោយ ៖ សិលា


ចែករំលែក៖