ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវបន្តអនុវត្តតាមទិសស្លោក «អធិការកិច្ចជាភ្នែកជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម»

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា គឺការពង្រឹងអភិបាលកិច្ច ឱ្យមានប្រសិទ្ធភាពដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ ដែលយើងត្រូវបន្តអនុវត្តតាមទិសស្លោក «អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ កំណែទម្រង់អធិការកិច្ច និងស្ថាប័នរដ្ឋ គឺជាការងារសំខាន់ដែលត្រូវអនុវត្ត ដើម្បីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័ន។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ស្នូលធំបំផុតរបស់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺអភិបាលកិច្ច ពោលគឺយើងត្រូវរៀបចំផ្ទះយើងឱ្យបានស្អាតសិនចាំទៅត្រួតពិនិត្យផ្ទះគេ រៀបចំផ្ទះយើងឱ្យបានស្អាត ទើបយើងអាចបម្រើប្រជាពលរដ្ឋមានប្រសិទ្ធភាពបាន។ 

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតនូវយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង ស្ថាប័នដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការងារនៅតាមបណ្ដាក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារឱ្យមានប្រសិទ្ធភាពទៅដល់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យរៀបចំបង្កើតយន្តការមួយច្បាស់លាស់ ដែលជាអ្នកតាមដានត្រួតពិនិត្យបន្ថែមទៀត លើការអនុវត្តកិច្ចការងារអធិការកិច្ចនេះ ដើម្បីធ្វើយ៉ាងណាឱ្យការងារអធិការកិច្ច និងសវនកម្មនេះ មានរបៀបរៀបរយ មានស្ដង់ដាល្អ និងមានប្រសិទ្ធភាព មិនអនុវត្តជាន់គ្នា ៕ 

ដោយ ៖ សិលា


ចែករំលែក៖