ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កិច្ចការងារអធិការកិច្ចនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិកន្លងទៅ បានចាត់ទុកជាស្នូលធំបំផុត គឺកិច្ចការងារអធិការកិច្ចមានន័យថា រៀបចំផ្ទះខ្លួនឯងឱ្យស្អាត ទើបអាចចេញទៅបម្រើប្រជាពលរដ្ឋបាន។ ក្នុងន័យនេះក្រសួងអធិការកិច្ចបានដើរតួនាទីសំខាន់ ដើម្បីបញ្ជាក់ពីការពង្រឹងកិច្ចការអភិបាលកិច្ចនេះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សម្ដេចធិបតីថ្លែងបញ្ជាក់ថា៖«បើរដ្ឋមិនទាន់គ្រប់គ្រងខ្លួនឯងបានទេ សួរថាតើរដ្ឋអាចទៅធ្វើអ្វីបាន»។
-សម្ដេចធិបតី បានចាត់ទុកកិច្ចការងារអធិការរកិច្ចនេះ គឺជាកិច្ចការងារសំខាន់ ប៉ុន្ដែកិច្ចការងារនេះ ក្រសួងអធិការកិច្ចត្រូវមើលផ្ទះខ្លួនឯង និងត្រូវមើលលើកិច្ចការងាររដ្ឋឱ្យស្អាតជាមុន។
-សម្ដេចធិបតី ថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតនូវយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង ស្ថាប័នដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការងារនៅតាមបណ្ដាក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារឱ្យមានប្រសិទ្ធភាពទៅដល់ប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងឱ្យក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យរៀបចំបង្កើតយន្តការមួយច្បាស់លាស់ ដែលជាអ្នកតាមដានត្រួតពិនិត្យបន្ថែមទៀត លើការអនុវត្តកិច្ចការងារអធិការកិច្ចនេះ ដើម្បីធ្វើយ៉ាងណាឱ្យការងារអធិការកិច្ច និងសវនកម្មនេះ មានរបៀបរៀបរយ មានស្ដង់ដាល្អ និងមានប្រសិទ្ធភាព មិនអនុវត្តជាន់គ្នា។
-សម្ដេចធិបតី ថ្លែងថា ការអនុវត្តការងារអធិការកិច្ច គឺជាការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាល មិនមែនជាការវះកាត់នោះទេ ដូច្នេះក្រសួង ស្ថាប័ននានា ត្រូវចូលរួមសហការលើការអនុវត្តកិច្ចការងារនេះ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា៖«យើងអនុវត្តមិនមែនប៉ះដៃកាត់ដៃ ប៉ះជើងកាត់ជើងនោះទេ ប៉ុន្ដែគឺជាការកែសម្រួលលើការអនុវត្តកិច្ចការងារដែលនៅមានការខ្វះខាត»។
-សម្ដេចធិបតី ថ្លែងប្រាប់អាជ្ញាធររាជធានី-ខេត្តទាំងអស់ កុំភ័យខ្លាចក្នុងការទទួលមតិរិះគន់ ដើម្បីយកមកកែលម្អខ្លួនឯងឱ្យកាន់តែល្អប្រសើរប៉ុណ្ណោះ។
-សម្ដេចធិបតី ថ្លែងណែនាំឱ្យពិនិត្យសិក្សាស្ថាប័នអធិការកិច្ច ដើម្បីបញ្ជៀសការជាន់មុខងារគ្នា ដែលអាចនាំឱ្យមនុស្សច្រើន អន្សមខ្លោច។ ជាមួយគ្នានេះ ក៏បានបញ្ជាឱ្យពន្លឿនការបង្កើតបទដ្ឋានគតិយុត្តស្ដីពីការអធិការកិច្ច ផងដែរ។
-សម្ដេចធិបតី ស្នើក្រសួង-ស្ថាប័នទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច ជាការងារចុះចាប់។ សម្ដេចធិបតី គូសបញ្ជាក់ថា តាមក្រសួង-ស្ថាប័នមួយចំនួនឱ្យតែលឺពាក្យថា អធិការកិច្ច គឺដឹងចុះមកចាប់។ ដូច្នេះ នៅពេលដែលក្រុមការងារអធិការកិច្ច ចុះទៅត្រួតពិនិត្យមានកន្លែងខ្លះ គេចមិនសហការ។
-សម្ដេចធិបតី ថ្លែងថា ការងារអធិការកិច្ច មិនមែនជាការងារចុះចាប់នោះទេ តែជាការងារពិនិត្យ និងផ្ដល់យោបល់ ជួយដល់ក្រសួង-ស្ថាប័ននានា អាចឆ្លុះកញ្ចក់ខ្លួនឯងបាន។ សម្ដេចធិបតី ថា«ខ្ញុំសូមបញ្ជាក់ថា អភិក្រមយើងទាំង ៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ការងារអធិការកិច្ចនេះ គឺជួយអភិក្រម ៤ខាងដើម»។
ដោយឡែកលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានលើកឡើងថា ក្រសួងបានអនុវត្តនូវយុទ្ធសាស្ត្ររបស់ខ្លួនតាមរយៈ រូបភាពចំនួន ៣ គឺ៖ ១.ចូលរួមជាមួយគណៈកម្មការអន្តរក្រសួង ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ ស្ថាប័ននានា, ២.ចាត់តាំងមន្ត្រីអធិការកិច្ច ចុះអធិការកិច្ចនៅតាមក្រសួងស្ថាប័ន ដែលបានស្នើសុំ, ៣.ចាត់តាំងមន្ត្រីអធិការកិច្ចចុះត្រួតពិនិត្យនៅតាមក្រសួងស្ថាប័ននានា ដែលមានបញ្ហាប្រឈម៕
ដោយ៖ ស តារា