ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកស្នើបទឈប់បាញ់ ៦សប្ដាហ៍ ក្នុងសង្រ្គាមហ្កាហ្សា

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថា សហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានបទឈប់បាញ់ បណ្ដោះអាសន្ន មានរយៈពេល ៦សប្ដាហ៍ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល នឹងក្រុមហាម៉ាស់ ក្នុងតំបន់ហ្កាហ្សា ជាការបោះជំហានមួយឆ្ពោះទៅរកបទឈប់បាញ់ យូរអង្វែងមួយ។
ការកត់សម្គាល់បែបនេះរបស់លោក បៃដិន ធ្វើឡើងបន្ទាប់ពីលោកបានជួបពិភាក្សាការងារជាមួយព្រះមហាក្សត្រហ៊្សកដានី ព្រះអង្គ Abdullah នៅឯសេតវិមាន លើប្រធានបទសំខាន់ជាច្រើន ក្នុងនោះរួមមានទាំងផែនការវាយលុកតាមជើងគោករបស់អ៉ីស្រាអែលចូលក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា រួមទាំងស្ថានភាពមនុស្សធម៌ផងដែរ។
លោក បៃដិន ដែលមួយរយៈកាលចុងក្រោយនេះហាក់ដូចជាបង្ហាញការមិនពេញចិត្តចំពោះនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលមិនព្រម ទទួលយកយោបល់របស់លោក បាននិយាយថា សហរដ្ឋអាមេរិក បាននិងកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់ លើកិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នា សំដៅសម្រួលឱ្យមានការដោះលែងចំណាប់ខ្មាំង និងការបង្កើនការផ្ដល់ជំនួយមនុស្សធម៌ចូលក្នុងតំបន់ហ្កាហ្សា។ តាមលោក បៃដិន កិច្ចព្រមព្រៀងនោះគឺផ្ដោតលើបទឈប់បាញ់រយៈពេល ៦សប្ដាហ៍ ដើម្បីអាចបោះជំហានឆ្ពោះទៅបទឈប់បាញ់រយៈពេលវែងមួយ។ ប៉ុន្តែ ព្រះមហាក្សត្រហ្ស៊កដានី ព្រះអង្គ Abdullah បានអំពាវនាវឡើងវិញឱ្យមានបទឈប់បាញ់យូរអង្វែងមួយក្នុងពេលឥលូវនេះ ដោយមិនអាចរង់ចាំ ឬបន្តបណ្ដោយឱ្យសង្រ្គាមអូសបន្លាយទៅមុខទៀតនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក ចូ បៃដិន ក៏បានពិភាក្សាតាមទូរស័ព្ទជាមួយលោក Netanyahu ផងដែរ ហើយបើតាមសេតវិមាន លោក បៃដិន បានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធាណាមួយនៅក្នុងទីក្រុង Rafah ត្រូវតែធ្វើឡើងដោយមានផែនការជាក់លាក់ ដើម្បីធានាសុវត្ថិភាពនិងការគំាទ្រដល់ប្រជាជនហ្កាហ្សាជាង១លាននាក់ដែលកំពុងជ្រកកោននៅទីនោះ៕

ដោយ៖ ធីរីណា(រូប​ថត​៖ plo.vn)


ចែករំលែក៖