ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្តូរឈ្មោះមកជា «ក្រសួងអធិការកិច្ច» នៅដើមអាណត្តិទី៧ គឺជាការឆ្លុះបញ្ចាំងពីការងារស្នូលរបស់ក្រសួង និងជាការបញ្ជាក់នូវឆន្ទៈមុះមុតឥតងាករេរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

 ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖  ជាមួយនិងឆន្ទៈសម្រេចអោយបាននូវចក្ខុវិស័យនៅក្នុងការប្រែក្លាយកម្ពុជាអោយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព ចីរភាព និងបន្តផ្តោតជាចម្បងនូវរបៀបវារៈធានាប្រសិទ្ធិភាព សមិទ្ធកម្ម តាមរយៈការអនុវត្តអភិក្រមឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការប្តូរឈ្មោះក្រសួងទំនាក់ទំនាក់ជាមួយរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ចមកជាក្រសួងអធិការកិច្ចនៅដើមអាណត្តិទី៧ គឺបានឆ្លុះបញ្ចាំងការងារស្នូលរបស់ក្រសួង និងជាការបញ្ជាក់នូវឆន្ទៈមុះមុតឥតងាករេរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព តម្លាភាព ប្រសិទ្ធិភាព គណនេយ្យភាព និងភាពទំនើប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច» នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានថ្លែងថា ៖  ក្រសួងបានអនុវត្តនូវយុទ្ធសាស្ត្ររបស់ខ្លួនតាមរយៈ រូបភាពចំនួន ៣ គឺ៖ ១.ចូលរួមជាមួយគណៈកម្មការអន្តរក្រសួង ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ ស្ថាប័ននានា, ២.ចាត់តាំងមន្ត្រីអធិការកិច្ច ចុះអធិការកិច្ចនៅតាមក្រសួងស្ថាប័ន ដែលបានស្នើសុំ, ៣.ចាត់តាំងមន្ត្រីអធិការកិច្ចចុះត្រួតពិនិត្យនៅតាមក្រសួងស្ថាប័ននានា ដែលមានបញ្ហាប្រឈម។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការអនុវត្តការងារអធិការកិច្ច គឺជាការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាល មិនមែនជាការវះកាត់នោះទេ ដូច្នេះក្រសួង ស្ថាប័ននានា ត្រូវចូលរួមសហការលើការអនុវត្តកិច្ចការងារនេះ។ សម្ដេចធិបតីថ្លែងថា៖«យើងអនុវត្តមិនមែនប៉ះដៃកាត់ដៃ ប៉ះជើងកាត់ជើងនោះទេ ប៉ុន្ដែគឺជាការកែសម្រួលលើការអនុវត្តកិច្ចការងារដែលនៅមានការខ្វះខាត»៕

ដោយ ៖ សិលា


ចែករំលែក៖