ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសម្រួលនីតិវិធីនានា ដើម្បីកាត់បន្ថយរយៈពេល នៃការស្នើសុំ និងការផ្តល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសំណង់ វិញ្ញាបនបត្រប្រើប្រាស់សំណង់ ជូនដល់ម្ចាស់សំណង់នៅខេត្តព្រះសីហនុ។
អនុលោមតាមសេចក្តីសម្រេចលេខ ០០៧ សសរ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យអនុវត្ត កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការសម្រួលនីតិវិធីនិងបែបបទ និងកាត់បន្ថយរយៈពេលនៃការស្នើសុំនិងផ្តល់ លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ លិខិតបិទការដ្ឋានសំណង់ ឬវិញ្ញាបនបត្រ ប្រើប្រាស់សំណង់ ជួនម្ចាស់សំណង់នៅខេត្តព្រះសីហនុ។ ដើម្បីចូលរួមអនុវត្តកម្មវិធីពិសេសខាងលើឱ្យមាន ប្រសិទ្ធភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់មន្ត្រីជំនាញ ចុះធ្វើការត្រួតពិនិត្យ និង បញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម តម្រោងប្លង់គ្រឿងសំណង់ ការងារសាងសង់ និងការងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ ក្នុងករណីម្ចាស់សំណង់មិនមានលិខិត ឬរបាយការណ៍បញ្ជាក់ពីក្រុមហ៊ុនដែលមាន អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីប្រចាំការ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ និងនៅច្រកចេញចូលតែមួយនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ផ្តល់ព័ត៌មាន និងសេវាតាមការចាំបាច់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រីជាម្ចាស់សំណង់ និងម្ចាស់គម្រោងសាងសង់ ជ្រាប និងអញ្ជើញដាក់ពាក្យស្នើសុំតាមទីតាំងដូចបានកំណត់ខាងលើតាមការគួរ ៕
ដោយ ៖ សិលា