ព័ត៌មានទាន់ហេតុការណ៍៖

គណបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរីចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទនៅតំបន់អភិរក្សចំណុចបឹងធំស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កំលាំងរបស់គណបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី ដឹកនាំដោយលោក មុត ម៉េង ដែលជាអភិបាលរងស្រុក បានដឹកនាំកំលាំងចម្រុះរបស់ស្រុក ចុះបង្រ្កាបជាក់ស្តែងនូវបទល្មើសនេសាទ នៅចំណុចនៅតំបន់អភិរក្ស ចំណុចបឹងធំ ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលបានធ្វើឡើកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

  លោក មុត ម៉េង ដែលជាអ្នកដឹកនាំកំលាំងបង្រ្កាបបានឱ្យដឹងថា នៅថ្ងៃនេះកម្លាំងរបស់រដ្ឋបាលស្រុក ដែលមាន កងរាជអាវុធហត្ថ នគរបាល កំលាំងយោធា បានចុះធ្វើការបង្រ្កាបបទល្មើសនេសាទ ដែលជនខិលខូចលួចដាក់ស្ទាក់ចាប់យកត្រី  ក្នុងចំណុចបឹងធំ ដែលជាតំបន់អភិរក្ស ។ 

  ក្នុងប្រតិបត្តិការបង្រ្កាបនេះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងបទល្មើសនេសាទដែលជនខិលខូចបានដាក់ក្នុងតំបន់នេះ ដោយធ្វើការ រុះរើរបាំងស្បៃមុង ០២កន្លែង ប្រវែង៥០ម៉ែត្រ  រុះរើរបាំងសាច់អួន០២កន្លែង ប្រវែង៧៥ម៉ែត្រ  លបលូស្បៃមុង២មាត់ លបលូសាច់អួន៤មាត់ និង ដកបង្គោលចោលសរុបចំនួន ៤០ដើម។ សម្ភារ:នៃបទល្មើសទាំងនេះ ត្រូវបានកម្លាំងនៃគណបញ្ជាការឯកភាពស្រុក ធ្វើការដបំផ្លាញចោលនៅនិងកន្លែង ផងដែរ ។

  បើតាមប្រភពពីប្រជាពលរដ្ឋតែងតែលើកឡើងថា កន្លងមកបទល្មើសនេសាទតែងតែកើតឡើងជាប្រចាំ ដែលជនខិលខូចបានលបលួចយកទៅដាក់ដើម្បីធ្វើសកម្មភាពស្ទាក់ចាប់ត្រី នៅតាមដងទន្លេ និង តំបន់អភិរក្សដែលជាតំបន់ហាមឃាត់នៃការធ្វើនេសាទ  ។ ប្រជាពលរដ្ឋក៍តែងតែដាក់ជាសំណួរថា តើបទល្មើសទាំងអស់នោះពិតជាបានកើតឡើងដោយជនខិលខូចមួយក្តាប់តូច លួចដាក់ពិតប្រាកដឬយ៉ាងណា ? ថាតើអាចធ្វើសកម្មភាពបានដោយរបៀបណា បើសមត្ថកិច្ច មន្រ្តីជំនាញដឹង ស្ទើគ្រប់វិនាទីទៅហើយនោះ ? 

ដោយ៖ ចន្ថា


ចែករំលែក៖