ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការបរទេស គូសបញ្ជាក់ពីមិត្តភាពយូរអង្វែង ទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសកម្ពុជា-ជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីអបអរសាទរទិវាបុណ្យជាតិជប៉ុន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន។

ក្នុងឱកាសដ៏រីករាយនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីមិត្តភាពយូរអង្វែង ទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ  ក្នុងក្របខ័ណ្ឌទ្វេភាគី  និងពហុភាគី  ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ 

លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការរួមចំណែកដល់ដំណើរការសន្តិភាព និងការកសាងឡើងវិញរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០ក៏ដូចជាការបន្ដផ្ដល់ជំនួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។  លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ឆ្នាំ២០២៣ ពិតជាឆ្នាំដ៏ពិសេសសម្រាប់ប្រទេសទាំងពីរ ស្របពេលដែលកម្ពុជា និងជប៉ុនបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូត ក៏ដូចជាបានលើកកម្ពស់ទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មេដឹកនាំនៃប្រទេសទាំងពីរបានទទួលស្គាល់ថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន គឺស្ថិតក្នុងកម្រិតដ៏ល្អបំផុតពុំធ្លាប់មានពីមុនមក ៕

ដោយ ៖ សិលា


ចែករំលែក៖