សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា នយោជិតទាំងឡាយនៅទីក្រុងបាងកក ត្រូវបានណែនាំឱ្យបំពេញការងារពីផ្ទះ ដើម្បីចៀសវាងខ្យល់អាកាសដែលរងការបំពុល ខណៈដែលស្រទាប់អ័ព្ទដែលគ្រោះថ្នាក់ចំពោះសុខភាពបានគ្របដណ្តប់រាជធានីរបស់ប្រទេសថៃ នាថ្ងៃព្រហស្បតិ៍នេះ។
អាជ្ញាធរទីក្រុងបាងកក បានស្នើសុំកិច្ចសហការពីសំណាក់ក្រុមនិយោជកដើម្បីជួយបុគ្គលិកធ្វើការទាំងឡាយនៅក្នុងទីក្រុងដែលមានមនុស្សប្រមាណ១១លាននាក់នេះ ចៀសវាងខ្យល់ពុលដែលត្រូវបានរំពឹងថា នឹងបន្តគ្របដណ្តប់លើទីក្រុងរហូតដល់ថ្ងៃសុក្រ។ លោក Chadchart Sittipunt អភិបាលក្រុងបាងកក បាននិយាយថា រូបលោកសូមស្នើសុំកិច្ចសហការពីក្រុមហ៊ុន និងស្ថាប័នសរុបជាង១៥០ ទាំងវិស័យរដ្ឋនិងឯកជន ដើម្បីឱ្យបុគ្គលិកនៅក្នុងទីក្រុងអាចធ្វើការងារពីផ្ទះ សម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ។ បើតាមលោក Chadchart វានឹងប៉ះពាល់មនុស្សជាង៦០,០០០នាក់។
វេបសាយតាមដានគុណភាពខ្យល់អន្តរជាតិ IQAir បានបង្ហាញថា រាជធានីរបស់ប្រទេសថៃ ស្ថិតក្នុងចំណោមទីក្រុងទាំង១០ ដែលទទួលរងការបំពុលខ្យល់ខ្លាំងក្លាជាងគេបង្អស់ នៅលើពិភពលោក នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ទីក្រុងបាងកក និងទីក្រុងឈាងម៉ៃនៅភាគខាងជើង បានជាប់ចំណាត់ថ្នាក់ ក្នុងចំណោមទីក្រុងរងការបំពុលខ្យល់អាកាសខ្លាំងបំផុត ជាច្រើនលើកកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២៣ មនុស្សយ៉ាងហោច២លាននាក់ នៅប្រទេសថៃ បានស្វែងរកការព្យាបាលបញ្ហាសុខភាព ដោយសារតែការបំពុលខ្យល់។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin ដែលបានឡើងកាន់អំណាចកាលពីខែសីហា ឆ្នាំមុន បានសន្យាថា នឹងប្រឹងប្រែងដោះស្រាយបញ្ហាបំពុលខ្យល់ ក្នុងលក្ខណៈជារបៀបវារៈជាតិមួយ ហើយសេចក្តីព្រាងច្បាប់ស្តីពីខ្យល់ស្អាត ត្រូវបានគាំទ្រដោយគណៈរដ្ឋមន្រ្តីរបស់លោក កាលពីខែមករាកន្លងទៅ។ យ៉ាងណាមិញ បញ្ហានៃការបំពុលនៅតែបន្ត ហើយតុលាការនៅទីក្រុងឈាងម៉ៃ កាលពីខែមុន បានបង្គាប់ឱ្យរដ្ឋាភិបាលបង្កើតផែនការបន្ទាន់មួយ ឱ្យបានក្នុងរយៈពេល៩០ថ្ងៃ ដើម្បីដោះស្រាយបញ្ហាបំពុលខ្យល់អាកាស៕ ដោយ៖ ធីរីណា
រូបថត៖ AFP