ខេត្តព្រះវិហារ៖ រថយន្តកូរ៉េដឹកជ្រូកប្រមាណ៩០ក្បាលនិងអ្នកជួញដូរ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារធ្វើការចុះស្ទាក់ចាប់បាន។
ប្រតិបត្តិការឃាត់រថយន្តដឹកជ្រូករស់ប្រមាណ ៩០ក្បាល និងឃាត់ខ្លួនជនសង្ស័យពីរនាក់ បាននោះធ្វើឡើងនៅវេលាម៉ោង ១០និង១៥នាទី ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នៅលើផ្លូវជាតិលេខ៩ត្រង់ចំណុចផ្លូវបំបែកចូលឧទ្យានជាតិ តេជោសែន ឫស្សីត្រឹបស្ថិតក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ទាក់ឃាត់បានរថយន្តកូរ៉េទម្ងន់៥តោន ដែលផ្ទុកសត្វជ្រូករស់ប្រមាណ ៩០ក្បាលហើយឃាត់ខ្លួនជនសង្ស័យជួញដូរសត្វជ្រូកពីរនាក់ផងដែរដែលលួចនាំឆ្លងដែនពីប្រទេសឡាវចូលមកប្រទេសកម្ពុជា តាមផ្លូវទឹក ។
ប្រភពបន្តថា នៅក្នុងប្រតិបត្តិការនោះដឹកនាំដោយលោក កៅ រីម អភិបាលរង នៃគណៈអភិបាលស្រុកឆែប ចុះបង្ក្រាបបានរថយន្តម៉ាកកូរ៉េ ទម្ងន់ ៥តោន មួយគ្រឿងពណ៌សពាក់ស្លាកលេខ ព្រះវិហារ 3A-0177ដែលឈ្មួញលួចដឹកជ្រូកឆ្លងដែនដោយខុសច្បាប់ពីប្រទេសឡាវចូលមកកម្ពុជា តាមផ្លូវទឹកត្រង់ចំណុចកំពង់ទូកដរ កំពង់ស្រឡៅ រួចដឹកជញ្ជូនតាមរថយន្តចេញពីស្រុកឆែបបម្រុងឆ្លងកាត់ស្រុកជ័យសែន ស្រុករវៀងនៃខេត្តព្រះវិហារយកទៅលក់ចែកចាយតាមគោលដៅដោយលួចលាក់។
នៅក្នុងសកម្មភាពល្មើសច្បាប់នោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសសង្ស័យមេឈ្មួញសត្វជ្រូកនាំចូលពីឡាវ មកកម្ពុជា ពីរនាក់ផងដែរ។
ក្រោយបង្ក្រាបបានសមត្ថកិច្ចបានបញ្ជូនសត្វជ្រូករស់ និងជនសង្ស័យទាំងពីរនាក់ទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះ វិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕
ដោយ ៖ ជីវ័ន្ត