ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចចោទប្រកាន់បុរសប្រឌិតរឿងប៉ូលីសចរាចរណ៍ផាកពិន័យស្ត្រីឈ្មោះម៉ូលីកាចំនួន២បទល្មើស រួចបញ្ជូនឱ្យចៅក្រមស៊ើបសួរសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យស្ថាប័នអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យដែលមានឈ្មោះ យឹម សុផាន់ណា ភេទប្រុស ត្រូវបានតំណាងអយ្យការ សម្រេចធ្វើការចោទប្រកាន់ជាផ្លូវការហើយ ចំនួន២បទល្មើស ៖

១.បទ.ប្តឹងបរិហារ បង្កាច់កេរ្តិ៍ 

២.បទ.ក្លែងបន្លំ តាមមាត្រា ៣១១ មាត្រា ៣១២ មាត្រា ៦២៦ និង មាត្រា ៦២៧ នៃ ក្រមព្រហ្មទណ្ឌ ។ 

ក្រោយពីចោទប្រកាន់ជនសង្ស័យជាផ្លូវការហើយ សំណុំរឿងត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឃុំសម្រេចខ្លួនឬមិនឃុំខ្លួននោះជាឆ័ន្ទានុសិទ្ធិរបស់ចៅក្រម ។

សូមជម្រាបថា ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន និងកសាងសំណុំរឿងរួចបញ្ជូនទៅសាលាដំបូងកាលពីថ្ងៃទី១៦ ខែកុម្ភៈ បន្ទាប់ពីបានពិនិត្យចម្លើយដោយរកឃើញថា ជនសង្ស័យពិតជាជាប់ពាក់ព័ន្ធករណីប្រឌិតរឿង ប៉ូលីសចរាចរណ៍ផាកពិន័យស្ត្រីឈ្មោះម៉ូលីកា ប្រាកដមែន ។

 ករណីខាងលើនេះដំបូងឡើយលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្នាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យរូបនេះស្ថិតក្នុងចំណោមបក្ខពួកច្រើននាក់ទៀត (កំពុងរត់គេច) ដែលបានរៀបចំបង្កើតព្រឹត្តិការណ៍ក្លែងក្លាយបង្ហោះរឿងក្នុងគ្រុបតេឡេក្រាម ដោយបង្កើតគណនីក្លែងក្លាយដាក់ឈ្មោះ គង់ ម៉ូលីកា ដើម្បីផ្សព្វផ្សាយព័ត៌មានចោទប្រកាន់បង្កាច់បង្ខូចកិត្តិយស សេចក្តីថ្លៃថ្នូរ របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ប្រចាំការនៅស្តុបក្តាន់ ២ ។ អ្នកនាំពាក្យបានបន្ថែមថា ជនសង្ស័យ យឹម សុផាន់ណា បានរៀបចំផែនការដោយយកប្រាក់ទៅដាក់នៅកន្លែងវេរប្រាក់មួយកន្លែង ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដោយវេរចូលគណនី ABA របស់ជនស៊ីវិលម្នាក់ដែលអង្គុយលេង ក្រោយពីជនស៊ីវិលនោះបានទិញទឹកទៅជូននគរបាលចរាចរណ៍ ដែលនៅប្រចាំការនៅស្តុបក្តាន់២ នោះ ហើយទម្លាយសារឆ្លើយឆ្លងរវាងនាងនិង មន្ត្រីនគរបាលម្នាក់ដែលអះអាងថា ខ្លួនមានតួនាទីជាមេរហ័សនាម «ព្រួញ ៧៧» ដែលបានសុំលេខទូរស័ព្ទនាងឆាតមកឆ្លើយឆ្លងសុំស្នេហ៍ទៀតផង ។

ទោះជាយ៉ាងណាអ្នកនាំពាក្យមិនទាន់អាច កំណត់ជាក់លាក់ ទេ ថា ក្រុមជនសង្ស័យបានបង្កើតព្រឹត្តិការណ៍ក្លែងក្លាយនេះឡើង ក្នុងគោលដៅអ្វីឱ្យពិតប្រាកដនោះទេ ប៉ុន្តែអាចមានការពាក់ព័ន្ធឫ ធ្លាប់មានទំនាស់អ្វីមួយ ជាមួយនឹងកម្លាំងនគរបាលចរាចរណ៍ ដែលប្រចាំការនៅគោលដៅនោះ ។

ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការ រង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញមុខមាត់ពិតបុគ្គលជាតួស្ត្រី ឈ្មោះ គង់ ម៉ូលីកា គឺជាការប្រឌិតរឿងដោយគណនីហ្វេសប៊ុក ក្លែងក្លាយ ទាំងមនុស្សទាំងប្រព័ន្ធតេឡេក្រាមឆ្លងឆ្លើយគ្នា គឺជា បុគ្គលផ្សេងរៀបចំមិនមែនជារឿងពិតទេ ។ លោក ជួន ណារិន្ទ សូមឲ្យអ្នកនិយមលេងបណ្ដាញសង្គមមួយចំនួន តូច ពិចារណា ឲ្យគ្រប់ជ្រុងជ្រោយ មុនធ្វើការវាយប្រហារព្រោះនាំប៉ះពាល់ដល់ កិត្តិយស សេចក្ដី ថ្លៃថ្នូររបស់បុគ្គល និង ស្ថាប័នដែលស្អាតស្អំ ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖