ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះពាណិជ្ជកម្មក្នុងស្រុកដំបូងរបស់ចិនបានដាក់ឱ្យដំណើរការ

ចែករំលែក៖

យន្តហោះពាណិជ្ជកម្មដែលផលិតក្នុងស្រុកលើកដំបូងរបស់ប្រទេសចិន នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីពិព័រណ៍យន្តហោះដ៏ធំបំផុតរបស់អាស៊ីក្នុងប្រទេសសិង្ហបុរីជាមួយនឹងក្រុមហ៊ុន Airbus ខណៈដែលគូប្រជែង Boeing អវត្តមាន។
ប្រទេសចិនគឺជាការផ្តោតការយកចិត្តទុកដាក់នៅឯពិព័រណ៍អាកាសចរណ៍សិង្ហបុរីឆ្នាំ 2024 ខណៈដែលខ្លួនរៀបចំដាក់ឱ្យដំណើរការយន្តហោះពាណិជ្ជកម្ម C919 ដែលជាយន្តហោះផលិតក្នុងស្រុកដំបូងគេ។
យន្តហោះ C919 នៃក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) មានរយៈចម្ងាយហោះហើររហូតដល់ 5,555km ផ្ទុកអ្នកដំណើរបាន 164 នាក់ ហើយត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងដោយផ្ទាល់ជាមួយយន្តហោះប្រភេទ A320 របស់ក្រុមហ៊ុន Airbus និង B737 របស់ក្រុមហ៊ុន Boeing ជាក្រុមហ៊ុនផលិតយន្តហោះទាំងពីរដ៏ធំបំផុតរបស់ពិភពលោក។
សាជីវកម្មយន្តហោះពាណិជ្ជកម្មចិនបានប្រកាសថាខ្លួននឹងវិនិយោគរាប់សិបពាន់លានយន់ក្នុងរយៈពេល 3-5 ឆ្នាំខាងមុខ ដើម្បីពង្រីកសមត្ថភាពផលិត C919 ។
កាលពីខែមុន អាជ្ញាធរអាកាសចរណ៍របស់ប្រទេសចិនក៏បាននិយាយផងដែរថា ខ្លួនមានបំណងសម្រេចបាននូវវិញ្ញាបនប័ត្រពីទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) សម្រាប់ម៉ូដែលយន្តហោះពាណិជ្ជកម្ម C919 នៅឆ្នាំនេះ បន្ទាប់ពីដំណើរការស្នើសុំអាជ្ញាប័ណ្ណតាំងពីឆ្នាំ 2018។
ពិព័រណ៍យន្តហោះសិង្ហបុរីឆ្នាំ 2024 គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 20 ខែកុម្ភៈ ដល់ថ្ងៃទី 25 ខែកុម្ភៈ ដោយនាំយកនូវគំរូយន្តហោះពាណិជ្ជកម្ម និងយោធាមកពីជុំវិញពិភពលោក៕ ដោយ៖ ធីរីណា

រូប​ថត​៖ VOV.VN


ចែករំលែក៖