ភ្នំពេញ៖ យុទ្ធនាការ ទិវាអន្តរជាតិ ៨មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូ ទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ ជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។
ក្នុងឆ្នាំ២០២៤នេះ ក្រសួងកិច្ចការនារី ក្នុងកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងបណ្តាញផ្សព្វផ្សាយ នឹងរៀបចំយុទ្ធនាការ អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវិត្តកម្មឌីជីថល ក្នុង គោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
ការកំណត់មូលបទសម្រាប់យុទ្ធនាការឆ្នាំនេះរបស់កម្ពុជា បានរៀបចំឡើងឆ្លើយតបនឹងបរិបទនៃ ការវិវត្តរបស់សង្គមក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី។
នៅក្នុងយុទ្ធនាការនេះ នឹងដំណើរការទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយមានព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសារលិខិតអបអរសាទរ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមផ្លូវការរបស់រដ្ឋនានា ជាពិសេសដើម្បី កៀរគរដល់ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី ក្នុងយុគសម័យឌីជីថល ដើម្បីឈានទៅរកការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។
នៅក្នុងនោះ ក្រសួងកិច្ចការនារី និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងរៀបចំសកម្មភាពសំខាន់ៗដូចខាងក្រោម៖
• គណៈប្រតិភូនារីចូលជួបសំដែងការគួរសមនិងរាយការណ៍វឌ្ឍនភាពនៃការងារនារីជូនសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។
• រៀបចំវេទិកាយុវជនដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ និងយុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល។
• រៀបចំពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ នៅតាមក្រសួង-ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សា។
• រៀបចំផលិតវីដេអូឯកសារដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ និងផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងចង បដាពាក្យស្លោកតាមមហាវិថីនានា។
• ផលិត និងផ្សព្វផ្សាយសារ និងវីដេអូខ្លីៗរបស់ថ្នាក់ដឹកនាំជាស្ត្រី សិល្បការិនី អ្នកដែលមានឥទ្ធិពលក្នុងបណ្តាញសង្គម (Influencers) ជាស្ត្រី យុវជន និងក្មេងស្រី នៅក្នុងបណ្តាញផ្សព្វផ្សាយឌីជីថល។
• ផលិត និងផ្សព្វផ្សាយព្រឹត្តិបត្រនារីរតនៈលេខពិសេស ក្រោមមូលបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល៕
ដោយ៖ តារា