ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា នាព្រឹកថ្ងៃចន្ទទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។ គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ)ទទឹង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាគោលដៅដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ។ សម្ដេចថា ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ជាប្រភេទស្ពាន ដែលអនុញ្ញាតឱ្យរថយន្តបើកឆ្លងកាត់ចំនួន ២ខ្សែទៅ ២ខ្សែមក។
-សម្ដេចធិបតី ដាក់បញ្ជាឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពជាមួយវិស័យឯកជន និងប្រជាពលរដ្ឋម្ចាស់ដី ដើម្បីអាចបើកផ្លូវត្រង់ចំណុចស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយធ្វើយ៉ាងណាអាចឱ្យពលរដ្ឋធ្វើដំណើរត្រង់ទៅចំផ្លូវជាតិលេខ១តែម្ដង ដើម្បីផ្ដល់ភាពកាន់តែងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា កន្លងមក ចិនបានជួយសាងសង់ស្ពានធំៗឆ្លង កាត់ទន្លេនៅកម្ពុជា បានចំនួន ១៦ ស្ពានរួចហើយ។
-សម្ដេចធិបតី ថ្លែងថា ចិន គឺជាប្រទេសដែលឈរនៅលំដាប់ទី១ ដែលបានផ្ដល់ឥណទាន និងជំនួយផ្សេងៗ ដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ពន្ធ(ស្ពាន, ផ្លូវ,…)នៅកម្ពុជា។
-សម្តេចធិបតី ថ្លែងថា ប្រជាជននៅរាជធានីភ្នំពេញ មិនថយឡើយ មានតែកើនឡើងបន្ថែមទៀត ហើយរាជរដ្ឋាភិបាល ក៏មិនមានគោលការណ៍កំណត់មិនឱ្យពលរដ្ឋ មករស់នៅរាជធានីភ្នំពេញដែរ។
-សម្ដេចធិបតី ថ្លែងថា ផ្លូវ គឺជាគោលដៅអាទិភាពទី២ បន្ទាប់ពីធនធានមនុស្ស ដែលជាគោលដៅអាទិភាពទី១ របស់រាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ការអភិវឌ្ឍជាតិ។
-សម្ដេចធិបតី ថ្លែងថា តាមរយៈកំណើន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅទូទាំងប្រទេសកម្ពុជា បានចូលរួមរុញកំណើន រោងចក្រ សហគ្រាស ជាច្រើនទៅដល់បណ្ដាខេត្ត បង្កើនការងារ និងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្ដេចធិបតី បញ្ជាក់ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបាន ជួយឱ្យការធ្វើដំណើរប្រជាពលរដ្ឋកាន់តែងាយស្រួល កាត់បន្ថយចំណាយ និងកាត់បន្ថយពេលវេលាធ្វើដំណើរ បង្រួមខេត្តក្រុងឱ្យកាន់តែជិតគ្នា។
-សម្ដេចធិបតី ថ្លែងថា គោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាអាទិភាពទីពីរដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងដាក់ចេញក្នុងគោលនយោបាយ និងយុទ្ធសាស្រ្ដជាតិ បន្ទាប់ពីមនុស្ស។
-សម្ដេចធិបតី ថ្លែងថា ការបង្កើនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺដោយសារមានកំណើនប្រជាជន និងសេដ្ឋកិច្ចជាតិ រីកចម្រើន ដែលទាមទារឱ្យមានការពង្រីកការសាងសង់បន្ថែម។
-សម្ដេចធិបតី ថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ គិតទាំងប្រជាពលរដ្ឋរស់នៅអចិន្រ្ដៃយ៍ និងប្រជាពលរដ្ឋមកប្រកបការងារពីបណ្ដាខេត្តសរុបមានជាង ៣ លាននាក់ ដូច្នេះការដោះស្រាយបញ្ហាចរាចរណ៍គឺត្រូវគិតគូរមិនអាចរងចាំបានទេ។
-សម្ដេចធិបតី ថ្លែងថា បញ្ហាចរាចរណ៍នេះ ត្រូវបានគិតគូរតាំងពីអាណត្តិមុនដោយសម្ដេចតេជោ ហ៊ុន សែន ដូច្នេះមិនត្រូវរងចាំទៀតទេគឺត្រូវការដោះស្រាយបញ្ហនេះតាមរយៈការបង្កើនសមត្ថភាពមធ្យោបាយដឹកជញ្ជូនសាធារណៈ, ការបើកផ្លូវក្រវ៉ាត់ក្រុង និងមធ្យោបាយក្រោមដី (រថភ្លើងក្រោមដី) និងលើអាកាស (រថភ្លើងលើអាកាស)។
-សម្ដេចធិបតី ដាក់បញ្ជាឱ្យបន្តការត្រួតពិនិត្យ និងរឹតបន្ដឹងច្បាប់ចរាចរណ៍បន្ថែមទៀត ជាពិសេសករណីត្រួតពិនិត្យគ្រឿងស្រវឹងនៅតាមរាជធានី ខេត្ត។
– សម្ដេចស្នើឱ្យប្រជាពលរដ្ឋស្វ័យម្ចាស់ការលើការបើកបរ ត្រូវបើកបរដោយប្រុងប្រយ័ត្ន។
-សម្ដេចធិបតី ថ្លែងថា កម្ពុជាមិនអាចអត់ឱនឱ្យបានទេ ចំពោះជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតមាតិកាវីដេអូប្រឌិត ធ្វើឱ្យខូចមុខមាត់ និងកិត្តិយសកម្ពុជា តាមរយៈការផលិតវីដូ ចាប់ជំរិត និងវីដេអូប្រឌិតជាច្រើនទៀត ដូច្នេះមិនអាចឱ្យមានការអន្តរាគមន៍ជាដាច់ខាត។
-សម្ដេចធិបតី ប្រកាសព្រមានដល់ក្រុមអ្នកផលិតមាតិកាវីដេអូផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះទេ កម្ពុជានឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះករណីនេះ។
-សម្ដេចធិបតី ព្រមានដល់ពលរដ្ឋនៅប្រទេសផ្សេងទៀត ដែលមានបំណងចង់យកកម្ពុជា ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន នឹងត្រូវចាប់ដាក់ឃុំខ្លួន ក្នុងពន្ធនាគារចំនួន ២ ឆ្នាំ បន្ទាប់មកបណ្ដេញចេញពីកម្ពុជា ហើយនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ មិនឱ្យចូលមកកម្ពុជាមួយជីវិត ថែមទៀត៕
ដោយ៖ស តារា