សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ចិនគួរតែដើរតួនាទីក្នុងការរក្សាសុវត្ថិភាពធ្វើពាណិជ្ជកម្មនៅឯតំបន់សមុទ្រក្រហម ពីព្រោះកប៉ាល់ដឹកជញ្ជូនចិនក៏ត្រូវប្រឈមមុខនឹងហានិភ័យដូចគ្នា។
លោកស្រី Joly និយាយថា លោកស្រីបានប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នៅឯកិច្ចប្រជុំទ្វេភាគីថ្មីៗនេះ អំពីតម្រូវការឱ្យទីក្រុងប៉េកាំងប្រើប្រាស់ ឥទ្ធិពលរបស់ខ្លួនលើក្រុមហ៊ូទី ដើម្បីរក្សាសុវត្ថិភាពធ្វើដំណើរនៅសមុទ្រក្រហម។ លោកស្រី Joly បានប្រាប់ Reuters តាមទូរស័ព្ទនៅថ្ងៃចុងក្រោយនៃសន្និសីទទីក្រុងមុយនិកយ៉ាងដូច្នេះថា «វាក៏ស្ថិតនៅក្នុងផលប្រយោជន៍របស់ចិនក្នុងនាមជាអ្នកនាំចេញ»។ ចំណែក លោក Wang បានលើកឡើងអំពីតម្រូវការ «កសាងទំនុកចិត្ត» ជាមួយកាណាដា បន្ទាប់ពីមានភាពតានតឹងផ្នែកនយោបាយ រយៈពេលប៉ុន្មានឆ្នាំមកនេះ។
ការវាយប្រហារដែលក្រុមហ៊ូទីនិយាយថា ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីនក្នុងសង្រ្គាមនៅតំបន់ហ្គាហ្សា បានធ្វើឱ្យតម្លៃដឹកជញ្ជូននិងធានារ៉ាប់រងឡើងថ្លៃ ដោយសារតែភាពរំខានលើច្រកផ្លូវពាណិជ្ជកម្មដ៏សំខាន់រវាងតំបន់អាស៉ី និងអឺរ៉ុប ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយកប៉ាល់មកពីចិន។
ទំនាក់ទំនងចិន-កាណាដា បានជាប់គាំងកាលពីចុងឆ្នាំ ២០១៨ នៅពេលប៉ូលិសកាណាដាឃាត់ខ្លួននាយកប្រតិបត្តិ នៃក្រុមហ៊ុនទូរគមនាគមន៍ចិន។
មិនយូរប៉ុន្មាន ទីក្រុងប៉េកាំងបានចាប់ខ្លួនជនជាតិកាណាដា ២នាក់ពីបទចារកម្ម ហើយវាកាន់តែតានតឹងទៅទៀត ក្រោយសភាកាណាដាសម្រេចឱ្យមានការស៉ើបអង្កេតលើការចោទប្រកាន់ថា ចិនបានជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់ខ្លួន ជាការអះអាងមួយដែលចិនតែងបដិសេធម្តងហើយម្តងទៀត ៕ ដោយ៖ ធីរីណា
រូបថត៖ ĐTTCO