ព័ត៌មានទាន់ហេតុការណ៍៖

ប្រគល់សម្ភារៈ លិខិតឆ្លងដែន, អត្តសញ្ញាណប័ណ្ណជនជាតិឆេក, កាតធនាគារ,ប័ណ្ណបើកបរអន្តរជាតិ និងទូរស័ព្ទដៃ ជូនជនបរទេសជនជាតិឆេកវិញ​ ក្រោយបង្រ្កាបចោរលួចយកនៅសួនច្បារមាត់ទន្លេ

ចែករំលែក៖

ភ្នំពេញ​៖​ នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤​ បានប្រគល់សម្ភាៈរដូចជា លិខិតឆ្លងដែន, អត្តសញ្ញាណប័ណ្ណជនជាតិឆេក, កាតធនាគារ,ប័ណ្ណបើកបរអន្តរជាតិ និងទូរស័ព្ទដៃ iPhone 12 ពណ៌ក្រហម ជូនជនបរទេសជនជាតិឆេក ដែលត្រូវបានជនសង្ស័យលួចយកនៅសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈជនបរទេសជនជាតិឆេកមានឈ្មោះ KYBIC MILOS ផឹកស្រាអស់កម្លាំងដេកលក់នៅលើបង់។ ជាមួយគ្នានេះដែរ ជនបរទេសទាំងពីរនាក់ឪពុកកូនក៏បានអរគុណដល់សមត្ថកិច្ចកម្ពុជាដែលបានជួយស្វែងរកសម្ភារៈដែលបាត់បង់ទៅនាំយកប្រគល់ឱ្យគាត់វិញ។

សូមបញ្ជាក់ថាករណីជនបរទេសខាងលើបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា គាត់មិនបាននិយាយថាករណីនោះជាអំពើឆក់កាបូបនោះទេ គឺអ្នកលេងតាមបណ្តាញសង្គមថតរូបគាត់ផុសនិយាយថាជាករណីឆក់ទៅវិញ។ ក្នុងអំពើលួចសម្ភារៈជនបរទេសខាងលើផងដែរកម្លាំងជំនាញព្រហ្មទណ្ឌអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ យកទៅអនុវត្តតាមនីតិវិធី។

សូមចូលរួមសហការទប់ស្កាត់ព័ត៌មានមិនពិត មុននឹងធ្វើការចុះផ្សាយទាក់ទងទៅនឹងករណីអ្វីមួយដែលមិនមានប្រភពច្បាស់លាស់ សូមធ្វេីការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ដេីម្បីកុំឱ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសការចុះផ្សាយព័ត៌មានមិនពិតមួយចំនួនអាចក្នុងគោលបំណងអាក្រក់ដេីម្បីបំពុលបរិយាកាសសង្គមផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖