ភ្នំពេញ ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ នៅឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងប្រទេសកម្ពុជា-ចិន ដែលសម្តេចសង្ឃឹមថា ទេសចរចិន នឹងមកទស្សនាកម្ពុជាច្រើន ដើម្បីបន្សាបនូវព័ត៌មានមិនពិតនានាដែលបង្កការយល់ច្រឡំដែលកើតឡើងដោយបុគ្គលមួយចំនួនបង្កើតឱ្យមានការយល់ច្រឡំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយតាមរយៈពីមាត់មួយទៅមាត់មួយនៅពេលដែលគេមកលេងនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានសុខសុវត្ថិភាពនិងភាពសប្បាយរីករាយនោះ មានសារៈសំខាន់ណាស់ ដើម្បីឱ្យទេសចរមកទស្សនានៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ពេលខ្លះបញ្ហាអាក្រក់បំភ្លៃ ត្រូវបានផ្សព្វផ្សាយលឿនណាស់ ហើយមានគេចូលមើលច្រើនទៀតផង ដូច្នេះហើយសុំឱ្យបរទេសនានាបានយល់ផងថា បញ្ហាទាំងអស់នោះកើតឡើងពីការប្រឌិត គ្មានការពិតនោះទេ។
នាយករដ្ឋមន្ត្រីប្រកាសការពារផលប្រយោជន៍ជាតិកម្ពុជា បន្ទាប់ពីចាប់ខ្លួនអ្នកផលិតវីដេអូជនជាតិចិនតៃវ៉ាន់ពីរនាក់ដែលបានផលិតវីដេអូបំផ្លាញកេរ្តិ៍ឈ្មោះជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទាក់ទងជាមួយនឹងការចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ពីរនាក់នៅក្នុងខេត្តព្រះសីហនុ កាលពីកន្លងទៅនឹងបានផ្ដន្ទាទោសជាប់ពន្ធនាគារពីរឆ្នាំ។
សម្ដេចថា៖ ករណីនេះក៏មានមនុស្សចង់សុំអន្តរាគមន៍ពីសម្ដេចស្នើសុំដោះលែងដោយលើកហេតុផលថា ពួកគេទាំងពីរមានម្ដាយឈឺ ប៉ុន្តែសម្ដេចមិនអនុញ្ញាត។
សម្ដេចថា៖ «បើម្ដាយឈឺគួរតែដាក់យូរព្រោះថា បើកតញ្ញូគួរតែនៅមើលម្ដាយរបស់ខ្លួន មិនគួរណាជិះយន្តហោះមកបំផ្លាញស្រុកគេទេ»។
ជាមួយគ្នានេះសម្ដេចក៏ព្រមានដល់អ្នកផ្សេងទៀតដែរដែលមានបំណងចង់ធ្វើវីដេអូបំផ្លាញកេរ្តិ៍ឈ្មោះខ្មែរផងដែរ។
សម្ដេចថា៖ «យកប្រទេសកម្ពុជាធ្វើជាកន្លែងអាជីវកម្មដើម្បីបាន view គឺនឹងអនុវត្តច្បាប់ឲ្យម៉ឺងម៉ាត់ ជាប់គុកពីរឆ្នាំហើយ បណ្ដេញចេញពីកម្ពុជាហើយ black list មិនឲ្យចូលស្រុកខ្មែរមួយជីវិត»៕
ដោយ ៖ សិលា