ភ្នំពេញ ៖ លោក គុណ ញឹម បានឱ្យដឹងថា ៖ ក្នុងឆ្នាំ ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានមានចំនួន ២.២៨៨លានដុល្លារអាម៉េរិក ថយចុះប្រមាណ ១៥,៧% ធៀបនឹងចំណូលក្នុងឆ្នាំ២០២២។ លទ្ធផលនេះ សម្រេចបាន ៨២,៤% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ សូមបញ្ជាក់ថា ៖ ការលើកឡើងឲ្យដឹងបែបនេះរបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបការ ងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ)។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបណ្ឌិត គុណ ញឹម បានបន្តថា ៖ ការប្រមូលចំណូលពុំបានសម្រេចតាមផែនការ ដូចនេះបណ្ដាលមកពីកត្តាប្រឈមធំៗមួយចំនួន ជាពិសេស ការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្ត ដែលកន្លងមកជាប្រភពចំណូលសំខាន់របស់អង្គភាពគយ, កំណើនជាបន្តបន្ទាប់ទាំងវិសាលភាព និងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល និងការបន្តកើតមាននូវសកម្មភាពរត់គេចពន្ធ ដែលកាន់តែស្មុគស្មាញ និងជ្រកក្រោមរូបភាពថ្មីៗ ជាដើម។ បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមាន ៤១,២% នៃចំណូលសរុប, អាករពិសេសមាន ៣០,៣% នៃចំណូលសរុប, ពន្ធគយមាន ២១% នៃចំណូលសរុប, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមាន ៤,៣% នៃចំណូលសរុប និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ១,៨% នៃចំណូលសរុប។ ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា ក្រុមទំនិញចម្រុះមានមាន ៣៥,៣% នៃចំណូលសរុប, យានយន្ត និងគ្រឿងចក្រមាន ៣១,១% នៃចំណូលសរុប, ប្រេងឥន្ធនៈ និងថាមពលមាន ២៦,៦% នៃចំណូលសរុប និងសម្ភារសំណង់ និងកម្រៃផ្សេងៗមាន ៧% នៃចំណូលសរុប។ អគ្គនាយក អគ្គនាយកដ្ឋាគយ និងរដ្ឋាករបញ្ជាក់ថា ៖ ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៤,១៨ពាន់លានដុល្លារអាម៉េរិក ថយចុះប្រមាណ ៥% ធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗ មានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើម និងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។ ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២,៨៥ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៨% ធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានការថយចុះ ១៣,១% ផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, អំពូល, ស្បែកសត្វកែច្នៃ, សំបកកង់រថយន្ត, ផលិតផលប្លាស្ទិច, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានកំណើន ២០% និងកសិផលមានកំណើន ២៤,៣%។ បន្ថែមពីលើការងារប្រមូលចំណូលអង្គភាពគយ ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗផ្សេងទៀត ដូចជា ៖
(១). ការងារបច្ចេកទេសគយ,។
(២). កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ។
(៣). ការងារសវនកម្មនិងការគ្រប់គ្រងហានិភ័យ,។
(៤). ការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធនិងការអនុវត្តច្បាប់,។
(៥). ការងារប្រ ឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, ។
(៦). ការចូលរួមកសាងច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនានា,។
(៧). កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ។
(៨). ការងារអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន, ។
និង (៩). ការងារសង្គម មនុស្សធម៌ សិល្បៈ និងកីឡា៕
ដោយ ៖ សហការី