ភ្នំពេញ ៖ ជាបទពិសោធន៏ កាលពីថ្ងៃ ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ មានបុរសជនជាតិចិនម្នាក់អាយុ ២៨ឆ្នាំ មកពីខេត្តព្រះសីហនុ បានចូលមកមន្ទីរពេទ្យកាល់ម៉ែតនៅពេលយប់ ដោយបានលេបចូលប្រដាប់ខួងធ្មេញ។ តាមរយៈការសាកសួរ អ្នកជំងឺផ្ទាល់ និងដោយមានសម្របសម្រួលពីអ្នកបកប្រែ គឺគាត់បានស្លាក់ប្រដាប់ខួងធ្មេញដែលធ្វើពីដែកអ៊ីណុកដោយចៃដន្យ តាំងពីពេលថ្ងៃនៅខេត្ត តែមិនមានអាការៈឈឺចុកឆ្អល់ គួរអោយកត់ សំគាល់ឡើយ។ ភ្លាមៗនោះ ក្រុមគ្រូពេទ្យក៏បានស្នើរសុំធ្វើ ស្កេនពោះ ដោយជាលទ្ធផល យើងឃើញមាន លោហៈធាតុមួយ ចាក់ជាប់នៅនឹងក្នុងក្រពះ (fundus)។
ក្រោយពីបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់រវាង គ្រូពេទ្យឯកទេស ថ្លើម ក្រពះ ពោះវៀន និងគ្រូពេទ្យឯកទេស ថ្នាំសណ្តំ រួចមក យើងក៏សម្រេចចិត្ត ធ្វើការឆ្លុះក្រពះភ្លាមៗ ទាំងយប់ ដើម្បីចាប់លោហៈធាតុនោះចេញដោយ ម៉ាស៊ីនអង់ដូស្តុបពី។ ក្រុមគ្រូពេទ្យជំនាញបាន សហការណ៏គ្នាដោយជោគជ័យ ក្នុងការចាប់យកលោហៈធាតុដែកនោះដែលមានប្រវែង ២៥ មីលីម៉ែត្រ ដោយប្រើប្រាស់រយៈពេលខ្លី ព្រមទាំងបានការពារកុំអោយមាន របួស លើប្រដាប់រំលាយអាហារខាងលើ កំឡុងពេលចាប់យកលោហៈធាតុនោះចេញដោយបានបំពាក់ប្រដាប់ការពារ (Endocap)។
ផលវិបាកធ្ងន់ធ្ងរ (ករណីមិនបានព្យាបាលទាន់ពេលវេលា)៖
– ចំពោះវត្ថុពីខាងក្រៅដែលមានលក្ខណៈ មុត ស្រួច ដែលអាចស្ទះជាប់នៅបំពង់អាហារ ឬក្រពះ អាចធ្វើអោយមានការហូរឈាមពីប្រដាប់រំលាយអាហារ ឬធ្លាយពោះវៀន ក្នុងអាត្រាពី ១៥-៣៥% ដែលអាចសាយភាយលាមកនិងមេរោគ បណ្ដាលឲ្យរលាកស្រោមពោះធ្ងន់ធ្ងរ (Péritonite) ។ ពេលខ្លះការមកដល់មន្ទីរពេទ្យយឺតយាវរបស់អ្នកជំងឺ ធ្វើឲ្យមានការលំបាកក្នុងការសង្គ្រោះអាយុជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ។
អនុសាសន៍ ក្នុងករណីមានលេបចូលវត្ថុរឹងដោយចៃដន្យ សូមប្រញ៉ាប់មកជួបគ្រូពេទ្យជំនាញច្បាស់លាស់ក្នុងការឆ្លុះចាប់យកវត្ថុធាតុនោះចេញជាបន្ទាន់ ដើម្បីទប់ស្កាត់កុំអោយមានផលវិបាកដល់អាយុជីវិត ដែលអាចកើតឡើងពីការលេបវត្ថុរឹងនោះ។នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា