ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងនៅក្នុងវេទិកាសារព័ត៌មានលើកទី២ស្ដីពីសមិទ្ធផល ការងាររយៈពេល ៦ខែ របស់រាជរដ្ឋាភិបាលនីតិកាលទី ០៧ នៃរដ្ឋសភាព ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណា ចក្រកម្ពុជា កាលពីថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ថា ទន្ទឹមនិងការដាក់ចេញយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុច រាជ រដ្ឋាភិបាលកម្ពុជានីតិកាលទី០៧ ក៏សម្រេចបាននូវជោគជ័យលើកិច្ចការជាច្រើនទៀតផងដែរ។
ជាក់ស្ដែង ក្រសួងយុត្តិធម៌បានដាក់ចេញកំណែទម្រង់យ៉ាងមុតស្រួចនិងយ៉ាងសកម្ម ទី១ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលរៀបចំរួចរាល់ ហើយនឹងចាប់ទទួលពាក្យបណ្ដឹងរបស់ពលរដ្ឋចាប់ពីខែមីនា ខាងមុខនេះទៅ។ ក្រសួងយុត្តិធម៌ បានដាក់ចេញយុទ្ធនាការ ២ ដែលចាប់ផ្ដើមអនុវត្តន៍ពីដើមឆ្នាំ២០២៤នេះតទៅ យុទ្ធនាការទី១ គឺការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ ដើម្បីកុំ ឲ្យកកស្ទះ ទី២ ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅក្នុងតុលាការ ដែលនេះគឺជាកំណែទម្រង់មុតស្រួច ២ ដែលក្រសួងយុត្តិធម៌ដាក់ចេញសំដៅធ្វើម៉េចធានា យុត្តិធម៌ជូនបងប្អូនប្រជាបលរដ្ឋ។ ទន្ទឹមនិងនោះក្រសួងយុត្តិធម៌ក៏មានគណៈកម្មការដឹកនាំការកែទម្រង់ ប្រព័ន្ធយុត្តិធម៌ទាំងមូល ដែលសម្ដេចធិបតី មានគោលដៅធានាយុត្តិធម៌ ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ចំណែកវិស័យមុខងារសាធារណៈ ក៏មានភាពសកម្មខ្លាំងក្លាដែរ ក្នុងការធ្វើកំណែទម្រង់ជាច្រើន ហើយខ្ញុំសូមរំលេច ចំណុចមួយដែលចាប់អារម្មណ៍បំផុត គឺការរៀបចំការប្រឡង ជ្រើសរើសមន្រ្ដីបម្រើការងារ ហើយកន្លងទៅនេះយើងឃើញហើយការប្រឡងបាន ២លើក ទី១ ប្រឡងជ្រើសរើសមន្រ្ដីបច្ចេកទេសកសិកម្ម ២៥០នាក់។ ទី២ ការប្រឡងជ្រើសរើសគ្រូអប់រំកាយ កីឡា ១០០នាក់កន្លងទៅនេះ គឺជាការប្រឡងប្រកបដោយតម្លាភាព ភាពសុក្រិត្យ គ្មានភាពមិនប្រក្រតី គ្មានការសង្ស័យ ទាំងអស់គ្នាទទួលយកដោយការពេញចិត្តទាំងអ្នកជាប់ និងអ្នកធ្លាក់។ នេះគឺជាការបោះជំហ៊ានដ៏ធំមួយនៅក្នុងកំណែទម្រង់ ក្នុងការប្រឡងជ្រើសរើសមន្រ្ដីចូលបម្រើការងារ ហើយក្រសួងមុខងារសាធារណៈបានធ្វើកិច្ចការជាច្រើនទៀត ក្នុងការពង្រឹងស្ថាប័ន ពង្រឹងការគ្រប់គ្រង បង្កើនសមត្ថភាពមន្រ្ដីរាជការ លើកកម្ពស់សេវាសាធារណៈ។
ចំណែកវិស័យដីធ្លី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការងារសកម្មដើម្បីដោះស្រាយបញ្ហាដីធ្លី ទី១ គឺការវាស់វែងចែកបណ្ណកម្មសិទ្ធិដីធ្លីដល់បងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម។ ទី២ គណៈកម្មការសូរិយោដីពិនិត្យបច្ចេកទេសវាស់វែងឲ្យបានត្រឹមត្រូវដើម្បីវាស់ហើយកុំឲ្យមានបញ្ហាតទៅទៀត។ ទី៣ អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ក៏បានខិតខំធ្វើការងារយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហាវិវាទទាំងឡាយ ដែលបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ។ តាមរយៈសកម្មភាពនេះបាននាំឲ្យវិវាទដីធ្លីនៅកម្ពុជាបច្ចុប្បន្ននេះបានធ្លាក់ចុះ ក្នុងកម្រិតទាបជាប្រវត្តិសាស្រ្ដ ហើយសព្វថ្ងៃក្រសួងបានបំពាក់នូវសម្ភារបច្ចេកទេសតាមបែបឌីជីថលទំនើបដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋផ្ទៀងផ្ទាត់។ គោលដៅរបស់សម្ដេចធិបតី ក៏ដូចជាក្រសួងរៀបចំដែនដី គឺបង្កើតបរិយាកាសគ្មានវិវាទដីធ្លី នៅក្នុងប្រទេសកម្ពុជា។
ចំពោះបញ្ហាសន្ដិសុខសុវត្ថិភាព កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបញ្ជាទៅអាជ្ញាធរនៅគ្រប់រាជធានីខេត្ដ ពិនិត្យឡើងវិញការមិនផ្ដល់បណ្ណថ្មី ពិនិត្យឡើងវិញក្រុមហ៊ុនល្បែងផ្សងសំណាង គឺមិនផ្ដល់អាជ្ញាបណ្ណថ្មីទេ ឬឈានទៅដល់បិទអាជ្ញាបណ្ណទាំងស្រុងតែម្ដង នេះគឺដើម្បីរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនិងនេះក្រសួងមហាផ្ទៃបានធ្វើកិច្ចការយ៉ាងច្រើន ដើម្បីបង្រ្កាបល្បែងផ្សងសំណាងគ្រឿងញៀន ឬក៏បាតុភាពអសកម្មផ្សេងៗទៀតនៅក្នុងសង្គម សំដៅធ្វើយ៉ាងណាអនុវត្តន៍ ផែនការគោលនយោបាយភូមិឃុំមានសុវត្ថិភាព ធានាសុវត្ថិភាពដល់បងប្អូនក្នុងមូលដ្ឋាន៕
ដោយ៖ សូរិយា