ភ្នំពេញ៖ យោងតាមអង្គភាពការពារកុមារ CPU បានឱ្យដឹងថា នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Wilfred Willis Holley ជនជាតិអាមេរិក ត្រូវបានសមត្ថកិច្ចបណ្តេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ និងប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីស្រាវជ្រាវ។
អង្គភាពការពារកុមារ បានបញ្ជាក់ថា ជាលទ្ធផលនៃការស៊ើបអង្កេត និងការឃ្លាំមើលសកម្មភាពទំនាក់ទំនងរបស់លោក Holley ជាមួយនឹងកុមាររួចមក គេបានរកឃើញថាលោកបានប្រព្រឹត្តបទល្មើសបៀតបៀនផ្លូវភេទលើកុមារ ។ អង្គភាពបានថ្លែងថា ជនសង្ស័យ ឈ្មោះ Wilfred Willis Holley ធ្លាប់មានប្រវត្តិជាប់ទោសពីបទល្មើសកម្រិតធ្ងន់ដែលបានប្រព្រឹត្តទៅលើកុមារ នៅក្នុងប្រទេសផ្សេងៗមួយចំនួនទៀតផងដែរ ។
អង្គភាពការពារកុមារ បញ្ជាក់ថា លោក Holley គឺជាហានិភ័យដ៏ធំដល់កុមារ និងបានថ្លែងការកោតសរសើរដល់រាល់ស្ថាប័នដែលបានចូលរួមក្នុងការស៊ើបអង្កេតមួយនេះ និងជាពិសេសចំពោះការឆ្លើយតបរហ័សពី រាជរដ្ឋាភិបាលកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការបណ្តេញបុគ្គលនេះចេញពីប្រទេសកម្ពុជា៕
ដោយ៖ សូរិយា