ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ អំពាវនាវឱ្យ​អ្នកវិនិយោគបរទេស កុំចំណាយពេលជិះយន្តហោះ ដើម្បីសុំដាំកញ្ឆានៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស​អំពាវនាវឱ្យ​អ្នកវិនិយោគបរទេសណា​ក៏ដោយ​ ដែលចង់ស្នើសុំសម្ដេច ដើម្បីវិនិយោគដាំកញ្ឆានៅកម្ពុជា កុំចំណាយពេលជិះយន្តហោះមកធ្វើអី។​ ការអំពាវនាវបែបនេះ​របស់​ សម្តេចធិបតី នាឱកាស​បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ កាលពីរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ថ្លែង​ថា បញ្ហាមិនអនុញ្ញាតដាំកញ្ឆានៅកម្ពុជា សម្ដេចចធ្លាប់បានចេញសារតាមហ្វេសប៊ុករួចហើយ ប៉ុន្តែថ្មីៗនេះ មានបុគ្គល ២៣នាក់ បានសុំច្បាប់វិនិយោគដាំកញ្ឆានៅកម្ពុជា ដើម្បីបម្រើវិស័យសុខាភិបាល ខណៈប្រទេសជិតខាងកម្ពុជា គឺប្រទេសថៃ ក៏បានធ្វើរួចហើយ។

សម្ដេចធិបតី បានថ្លែង​បញ្ជាក់ថា៖ “សម្រាប់ខ្ញុំ ខ្ញុំប្រាប់ថា ដរាបណា ហ៊ុន ម៉ាណែត នៅតែជានាយករដ្ឋមន្ត្រី ច្បាប់នេះ ខ្ញុំអត់ឯកភាពទេ។ ចំពោះការគ្រប់គ្រង សួរថា គ្រប់គ្រងបានអត់? ខ្ញុំធ្លាប់ឃើញព័ត៌មានមួយនៅអាមេរិក ប្រទេសមហាអំណាចធំជាងយើង រដ្ឋខ្លះគាត់ឱ្យសិទ្ធិដាំ តែគ្រប់គ្រងអត់រួចដោយសារបញ្ហា២។ ទី១ គ្រប់គ្រងការប្រើប្រាស់អត់បាន ទី២ លួចដាំ លើសអាជ្ញាបណ្ណ”។

បន្ថែម​ពីនេះ​ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា​ រឿងកញ្ឆានេះពាក់ព័ន្ធគ្រឿងញៀន ហើយបើតាមព័ត៌មាននៃការប្រើប្រាស់គ្រឿងញៀននៅសិង្ហបុរី ដែលមានជាង ៤០% គឺបានប្រើតាំងពីក្រោមអាយុ ១៨ឆ្នាំ ហើយក្នុងនោះមាន ៥០% បានចាប់ផ្ដើមប្រើគ្រឿងញៀន ដោយប្រើកញ្ឆា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “សម្រាប់កម្ពុជា ខ្ញុំថា មិនសំខាន់អីទេ! វាអត់ចំណេញអីទៅវិនិយោគធ្វើកសិកម្មរាប់រយ រាប់ពាន់ រាប់ម៉ឺនហិកតាដាំកញ្ឆា ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនផលិតថ្នាំនៅកាណាដា ទេ។ អ៊ីចឹង សរុបសេចក្ដី ហើយខ្ញុំជូនសារទៅផង គឺភាគច្រើនអ្នកចង់វិនិយោគមកពីក្រៅប្រទេសដែលសុំវិនិយោគដាំកញ្ឆានៅកម្ពុជា សុំកុំចំណាយពេលជិះកប៉ាល់ហោះមកកម្ពុជា គឺអត់ប្រយោជន៍ ជូនព័ត៌មាន មិនបាច់មកទេ”។

ជាមួយគ្នានោះ​ សម្តេចធិបតី ក៏បានប្រកាសចាត់វិធានការក្តៅទៅលើ​ស្ថាប័ន​កងកម្លាំង​ប្រដាប់​អាវុធ​មាន​កង​ទ័ព និងនគរបាលជាតិ ដោយបណ្តេញចេញពីក្របខណ្ឌ បើរកឃើញមានជាប់ពាក់ព័ន្ធនឹងគ្រឿង​ញៀន។ ក្នុងនោះមាន កម្លាំងយោធា និងនគរបាលជាតិមួយចំនួន ត្រូវបានបណ្តេញចេញពីក្របខណ្ឌ​ផង​ដែរ បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន៕

ដោយ៖ ស តារា


ចែករំលែក៖