ខេត្តបាត់ដំបង៖ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានឃាត់ខ្លួនបុរសម្នាក់ពីបទប្រើប្រាស់អាវុធខ្លីដោយខុសច្បាប់កាលពីវេលាម៉ោង ២១និង១៩នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានអោយដឹកថាស្របពេលដែលលោកកំពុងដឹកនាំកម្លាំងនគរបាលក្នុងអង្គភាពចុះធ្វើការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ,ពិនិត្យជាតិអាល់កុល និងគ្រឿងញៀន នៅលើដងផ្លូវក៏បានធ្វើការត្រួតពិនិត្យទៅលើអ្នកបើកបរម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរី២០២៤ពាក់ស្លាកលេខបាត់ដំបង 1AT-7163 ដែលមានម្ចាស់ ឈ្មោះ យ៉ើន ថាវ័ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងហើយពេលធ្វើការត្រួតពិនិត្យក៏បានរកឃើញអាវុធខ្លី០១ដើមម៉ាកZORAKIM906-Tពណ៌ខ្មៅ,បង់០១, គ្រាប់ចំនួន០៥គ្រាប់ និងប្រាក់បាតថៃចំនួន១២.៦០០បាទ(មួយម៉ឺនពីរពាន់ប្រាំមួយរយ)បាតផងដែរ។
ក្រោយពិនិត្យឃើញដូច្នេះ សមត្ថកិច្ចបាននាំខ្លួនបុរសខាងលើមកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីកាន់កាប់ដោយខុសច្បាប់នូវអាវុធខ្លីខាងលើ ហើយជាលទ្ធផលបុរសរូបនេះបានឆ្លើយសារភាពថា អាវុធមួយដើមនេះគឺខ្លួនបានទិញពីជនជាតិថៃនៅព្រំដែនតម្លៃ០១ម៉ឺនបាតប្រាក់ថៃប្រមាណជា០៤ថ្ងៃមុននេះតែប៉ុណ្ណោះហើយរឿងដែលខ្លួនទិញមកនេះគឺដោយសារខ្លួនធ្វើជាសន្តិសុខឯកជនមួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យលុះធ្វើដំណើរពីប៉ោយប៉ែតបំណងទៅផ្ទះនៅស្រុកបវេលក៏ត្រូវសមត្ថកិច្ចនគរបាលត្រួតពិនិត្យរកឃើញតែម្តង។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យនឹងវត្ថុតាងខាងលើពេលនេះត្រូវបានសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា