ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-សឹង្ហបុរី បង្ហាញជំហររួមគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យយោធា

ចែករំលែក៖

ប្រទេសសឹង្ហបុរី ៖  កម្ពុជា-សិង្ហបុរី បង្ហាញជំហររួមគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យយោធាឱ្យកាន់តែរីកចម្រើនថែមទៀត សំដៅរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ការរីកចម្រើនរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងពិភពលោក។

ជំហរនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមនាវីឯក អារុន ប៊ែង អគ្គមេបញ្ជាការកងទ័ពសឹង្ហបុរី នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្ដូរព័ត៌មាន រួមគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សហប្រតិបត្តិការលើការងារមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឧត្តមនាវីឯក អារុន ប៊ែង បានឯកភាព និងគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងការបន្តជំរុញកិច្ចសហប្រត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរថែមទៀតទៅថ្ងៃអនាគត។

ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី បានថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានគាំទ្រ និងដឹកនាំគណៈប្រតិភូប្រភេទទ័ព មកចូលរួមក្នុងកម្មវិធីតាំងពិពណ៌ ( Singapore Airshow) ដែលរៀបចំដោយប្រទេសសឹង្ហបុរីនាឱកាសនេះផងដែរ៕ ដោយ៖សិលា


ចែករំលែក៖