ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពចូលរួមពិធី « បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់លើកទី៩»។
នាឱកាសនោះ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ឱ្យអស់នូវឫសគល់គ្រឿងញៀនពីកម្ពុជា ក្នុងគោលដៅឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។
ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ដាក់បានបញ្ចូលការយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់របស់ស្នូលនៃបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ស្របតាមការប្តេជ្ញាចិត្ត “កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន” តាមទស្សនវិស័យ “ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន” ព្រមទាំងបានដំឡើងកម្រិតនៃការបញ្ជា ដឹកនាំ និងចាត់តាំងយុទ្ធនាការដល់ថ្នាក់ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័ន ក្នុងការអនុវត្ត ផ្សព្វផ្សាយ និងគាំទ្រ ៕ដោយ៖តារា