ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ កំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដើម្បីសួរសុខទុក្ខបងធម៍របស់សម្តេច គឺឯកឧត្តមថាក់សុីន សុីណាវ៉ាត្រា ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តាមរយះផេកផ្លូវការថា ៖ ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដើម្បីសួរសុខទុក្ខបងធម៍របស់ខ្ញុំគឺឯកឧត្តមថាក់សុីន សុីណាវ៉ាត្រាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
សូមបញ្ជាក់ថា ៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយបានរាប់អានគ្នាជាបង ប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មុនពេលលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។
បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាង ជិត ស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែមទៀតផង។ ក្នុង អំឡុង ពេលរស់នៅក្រៅប្រទេស លោក ថាក់ស៊ីន និងក្រុមគ្រួសារ ហោះមកកម្ពុជា ជួបសម្តេចតេជោ ហ៊ុន សែន ជាញឹកញាប់។
សូមរម្លឹកថា ៖ កាលពីខែសីហា ឆ្នាំ២០២៣ មុននឹងធ្វើដំណើរចូលប្រទេសវិញ លោក ថាក់ស៊ីន និងប្អូនស្រី គឺលោកស្រី យីងឡាក់ ក៏បានបង្ហាញខ្លួននៅផ្ទះសម្តេចតេជោផងដែរ ដើម្បីចូលរួមអបអរសាទរខួបកំណើតរបស់ សម្តេច។ ក្រោយពេលលោក ថាក់ស៊ីន ចូលដល់ប្រទេស ហើយត្រូវចាប់ខ្លួននោះ គេក៏បានឃើញលោកស្រី យីងឡាក់ បង្ហាញវត្តមាននៅផ្ទះរបស់សម្តេចផងដែរ។
សូមបញ្ជាក់ផងដែរថា ៖ កាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ត្រូវបានដោះលែងឱ្យមានសេរីភាពមុនកាលកំណត់ ក្រោយជាប់ឃុំឃាំងរយៈពេលប្រមាណ៦ខែ បន្ទាប់ពីការធ្វើមាតុភូមិនិវត្តន៍។ ខាងក្រោមនេះ គឺជាកាលបរិច្ឆេទសំខាន់ៗមួយចំនួន បង្ហាញពីដំណើរនយោបាយរបស់លោក ថាក់ស៉ីន គិតចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកទល់បច្ចុប្បន្ន។
ថ្ងៃទី១៥ កក្កដា ១៩៩៨៖ លោកបានបង្កើតគណបក្ស Thai Rak Thai ឡើង។
ថ្ងៃទី៩ កុម្ភៈ ២០០១៖ លោកបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ។
ថ្ងៃទី១ កុម្ភៈ ២០០៣៖ លោកបានបើកយុទ្ធនាការទ្រង់ទ្រាយធំប្រឆាំងបទឧក្រិដ្ឋគ្រឿងញៀន ដែលបានសម្លាប់មនុស្សជាង២,៨០០នាក់។
ខែមករា ២០០៦៖ លោកបានលក់ភាគហ៊ុនគ្រួសារលោក ក្នុងក្រុមហ៊ុនទូរគមនាគមន៍និងផ្សព្វផ្សាយថៃធំមួយ ឈ្មោះថា Shin Corp ឱ្យទៅ ក្រុមហ៊ុនសិង្ហបុរី Temasek ក្នុងតម្លៃជិត២ពាន់លានដុល្លារ ដែលបង្កឱ្យមានការធ្វើបាតុកម្មប្រឆាំងរូបលោក ក្នុងនោះរួមមានទាំងបាតុកម្មធ្វើឡើងដោយក្រុម People’s Alliance for Democracy ឬក្រុមអាវលឿង។
ថ្ងៃទី១៩ កញ្ញា ២០០៦៖ អំឡុងពេលនៅក្រៅប្រទេស រូបលោកត្រូវបានធ្វើរដ្ឋប្រហារយោធា ដឹកនាំដោយឧត្តមសេនីយ៍ Sonthi Boonyaratglin ដែលជាប្រមុខកងទ័ពជើងគោកថៃ នាពេលនោះ។
ថ្ងៃទី២៨ កុម្ភៈ ២០០៨៖ លោកបានត្រឡប់មកកាន់ប្រទេសថៃ ដើម្បីតវ៉ាចំពោះការចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ។
ថ្ងៃទី៣១ កក្កដា ២០០៨៖ លោកបានចាកចេញពីប្រទេសថៃ ដើម្បីទៅចូលរួមព្រឹត្តិការណ៍បើកការប្រកួតកីឡាអូឡាំពិក នៅប្រទេសចិន។ ក្រោយមក រូបលោកក៏បានរស់នៅនិរទេសខ្លួនដោយខ្លួនឯងតែម្តង ក្នុងទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបានផ្ញើសារជាប្រចាំទៅកាន់ ក្រុមអ្នកគាំទ្រ តាមរយៈកម្មវិធី Clubhouse App។
ថ្ងៃទី២២ សីហា ២០២៣៖ ទីបំផុតលោកបានធ្វើមាតុភូមិនិវត្តន៍វិញ ក្រោយការរស់នៅនិរទេសខ្លួន១៥ឆ្នាំ ហើយភ្លាមៗក៏ត្រូវបាននាំខ្លួន ទៅ កាន់ពន្ធនាគារក្នុងទីក្រុងបាងកក បន្ទាប់ពីតុលាការផ្តន្ទាទោសដោយកំបាំងមុខ ឱ្យជាប់ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភអំណាច និង ជម្លោះផលប្រយោជន៍។
ថ្ងៃទី២៣ សីហា ២០២៣៖ លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ូលិសក្នុងរាជធានីរបស់ថៃ ដោយសារបញ្ហាសុខភាព។
ថ្ងៃទី៣១ សីហា ២០២៣៖ លោកបានដាក់សំណើសុំការព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រថៃ។
ថ្ងៃទី១ កញ្ញា ២០២៣៖ លោកទទួលបានការព្រះរាជទានបន្ធូរបន្ថយទោសពីព្រះមហាក្សត្រ ដែលកាត់រយៈពេលជាប់ពន្ធនាគារពី៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំ។
ថ្ងៃទី១៣ ខែកុម្ភៈ ២០២៤៖ រដ្ឋមន្រ្តីយុត្តិធម៌ថៃបានប្រកាសថា លោក ថាក់ស៉ីន ស្ថិតក្នុងចំណោមទណ្ឌិតចំនួន៩៤៥នាក់ ដែលនឹងត្រូវដោះលែងឱ្យមានសេរីភាព មុនពេលកំណត់។
ថ្ងៃទី១៨ កុម្ភៈ ២០២៤៖ លោកត្រូវបានដោះលែងមុនពេលកំណត់ ហើយត្រឡប់ទៅកាន់គេហដ្ឋាន Ban Chan Song La របស់គ្រួសារស៉ីណាវ៉ាត់ ដែលស្ថិតក្នុងសង្កាត់ Bang Phlat នៃទីក្រុងបាងកក៕
ដោយ ៖ សិលា