អតីតខ្សែការពារជម្រើសជាតិអាឡឺម៉ង់លោក Andreas Brehme ដែលបានស៊ុតបញ្ចូលទីឈ្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup កាលពីឆ្នាំ១៩៩០ បានទទួលមរណភាពក្នុងវ័យ៦៣ឆ្នាំ។
លោក Brehme បានស៊ុតបាល់ប៉េណាល់ទីចុងម៉ោងក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតឆ្នាំ១៩៩០ ដើម្បីទទួលបានជ័យជម្នះលើក្រុមអាហ្សង់ទីនក្នុងទីក្រុងរ៉ូម។ គាត់រកបាន៨៦ប្រកួតរួមទាំង៨ គ្រាប់សម្រាប់ប្រទេសរបស់គាត់ និងបានជួយក្រុមឈ្នះពានរង្វាន់លីក នៅពេលដែលគាត់លេងនៅក្លិប Kaiserslautern, Bayern Munich និង Inter Milan ។
ដៃគូរបស់លោក Brehme គឺលោក Susanne Schaefer បានប្រាប់ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ DPA ថាគាត់បានស្លាប់ដោយការគាំងបេះដូង។លោក Brehme ជាខ្សែការពារស្លាបឆ្វេងដែលលេងនៅ Bayern ពីឆ្នាំ១៩៨៦–១៩៨៨ ហើយបានឈ្នះជើងឯក Bundesliga ជាមួយពួកគេនៅឆ្នាំ១៩៨៧។
ក្លិបអាល្លឺម៉ង់បានប្រកាសថា “ក្លិប FC Bayern Munich មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការស្លាប់ភ្លាមៗរបស់លោក Andreas Brehme។ យើងនឹងរក្សា Andreas Brehme នៅក្នុងចិត្តរបស់យើងជានិច្ច ក្នុងនាមជាជើងឯកពិភពលោក ហើយថែមទាំងជាមនុស្សពិសេសទៀតផង។ គាត់នឹងតែងតែជាផ្នែកមួយនៃគ្រួសារ FC Bayern សូមសម្រាកដោយសន្តិភាព! Brehmeជាទីស្រឡាញ់” ។
លោក Brehme លេងឱ្យក្រុម Kaiserslautern កាលពីរដូវកាលឆ្នាំ១៩៨១–១៩៨៦ និង១៩៩៣–១៩៩៨។ គាត់បានជួយក្រុមឈ្នះជើងឯក Bundesliga ក្នុងឆ្នាំ១៩៩៨ និង German Cup ក្នុងឆ្នាំ១៩៩៦ កំឡុងពេលគាត់នៅក្លិប ដែលគាត់ក៏ធ្លាប់ជាអ្នកចាត់ការទូទៅពីឆ្នាំ២០០០–២០០២ផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្លិប Kaiserslautern បានឲ្យដឹងថា “FCK កាន់ទុក្ខចំពោះការបាត់បង់លោក Andreas Brehme។ គាត់បានពាក់អាវរបស់ក្លិបអស់រយៈពេល១០ឆ្នាំ ហើយបានក្លាយជាម្ចាស់ជើងឯកអាល្លឺម៉ង់ និងជាអ្នកឈ្នះពានរង្វាន់ជាមួយ FCK ។ នៅឆ្នាំ១៩៩០ គាត់បានស៊ុតបញ្ចូលទីក្រុមជម្រើសជាតិអាឡឺម៉ង់បានឈ្នះពានរង្វាន់ World Cup ជាមួយនឹងការពិន័យរបស់គាត់ ហើយទីបំផុតបានក្លាយជាវីរបុរសបាល់ទាត់” ។
អតីតកីឡាករ Brehme ក៏បានជួយក្រុម Inter Milan ឈ្នះជើងឯក Serie A ក្នុងឆ្នាំ១៩៨៩ ហើយក្លិបអ៊ីតាលីមួយនេះក៏បានប្រកាសថា កីឡាកររបស់ពួកគេនឹងពាក់អាវខ្មៅនៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Atletico Madrid នៅថ្ងៃអង្គារក្នុងជើងទី១នៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ។ “អ្នកលេងដ៏អស្ចារ្យម្នាក់ដែលជា Interista ពិតប្រាកដ។ Brehme ជាវីរបុរសរបស់ក្លិបជារៀងរហូត” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)