ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញក.ប.ប​ រកឃើញ និងដកហូតទំនិញខូចគុណភាព ចំនួន ៤៥.៦៧គីឡូក្រាមកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ​៖​ បេីតាមការ​បញ្ជាក់ពី​មន្ដ្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា​ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រចាំតាមបណ្ដារាជធានី ខេត្ត​ បានខិតខំបន្តអនុវត្តភារកិច្ចក្នុងវិស័យម្ហូបអាហារដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ និងបង្កើនការផ្សព្វផ្សាយអំពីច្បាប់ជូនធុរជនឱ្យបានយល់ដឹងបន្ថែម។ 

​មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលប្រចាំតាមបណ្ដារាជធានី ខេត្ត​ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខុមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម ផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិ និងអនុលោមច្បាប់លើបុគ្គលដែលធ្វើធុរកិច្ចមិនស្មោះត្រង់ផងដែរ។ 

ជាកស្ដែងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ​ មន្រ្តីជំនាញបានបន្តត្រួតពិនិត្យនូវទំនិញគ្រប់ប្រភេទនៅលើទីផ្សារដើម្បីរកនូវទំនិញមិនមានអនុលោមភាពចៀសវាងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ខាតបង់ផលប្រយោជន៍ផ្សេងៗ និងបន្តផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធជូនដល់ធុរជនដើម្បីស្វែងយល់បន្ថែម ចៀសវាងប្រកបអាជីវកម្មល្មើសនឹងច្បាប់ដែលមានចែង។

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផល មន្រ្តីជំនាញរកឃើញ និងដកហូតទំនិញខូចគុណភាព និងមិនមានអនុលោមភាពចំនួន ៤៥.៦៧គីឡូក្រាមកម្ទេចចោល និងអប់រំបន្ថែមដល់ធុរជនឱ្យបានយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិរបស់អគ្គនាយកដ្ឋានផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖