ខេត្តព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់តំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ សូមអញ្ជើញទៅ កាន់ការិយាល័យបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេងរៀងទី ១ នៅសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។
ការអំពាវនាវនេះ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខ នេះ ជាការបោះឆ្នោតមួយដ៏មានសារៈ សំខាន់ក្រៃលែង សម្រាប់បុព្វហេតុបន្តកសាងការពារមាតុភូមិកម្ពុជាយើង ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនជាបន្តទៀត។ ពិតមែនតែការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថា សមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានប្រសូតចេញពីឆន្ទៈរបស់ប្រជាជន។
សម្តេចក្រឡាហោមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តឱ្យ បានសម្រេចនូវកម្មវិធីនយោបាយនានារបស់គណបក្សដែលបានប្រកាសជូនជនរួមជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាល ពីឆ្នាំ២០២២កន្លងមក ព្រមទាំងកម្មវិធីនយោបាយសម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់នូវគោលការណ៍ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ ដែលគណបក្សប្រជាជនកម្ពុជាបានកំណត់ក្នុងគោលការណ៍សំខាន់ៗនៃកម្មវិធីនយោ បាយរបស់គណបក្ស សម្រាប់ការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ផងដែរ៕
ដោយ៖ សូរិយា