ខេត្តក្រចេះ ៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញចូល រួមបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ក្នុងនោះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺមានសារៈសំខាន់ណាស់ ព្រោះជាអង្គនីតិបញ្ញត្តិកំពូលជាតិ ដែលប្រធានព្រឹទ្ធសភានឹងដើរតួនាទីជាប្រមុខរដ្ឋស្ដីទីរបស់ប្រទេស។
កម្មវិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ធ្វើឡើងក្នុងបរិវេនមន្ទីរវប្បធម៌ខេត្តក្រចេះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិកសមាជិកាបក្សប្រមាណជាង២០០០នាក់ មកពីបក្សឃុំ /សង្កាត់ ក្រុង/ស្រុក ទាំង៧ នៃទូទាំងខេត្តក្រចេះ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នេះកាន់តែមានសារៈខាន់ទៀតនោះ គឺគណបក្សប្រជាជនទទួលបានជ័យជម្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ដែលត្រូវបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី នៅពេលព្រះមហាក្សត្រអវត្តមាន។
ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក មានក្តីសង្ឃឹម ជឿជាក់ថា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអង្គបោះឆ្នោតទាំងអស់ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។
តាមរយៈវត្តមានរបស់សមាជិក-សមាជិកា និងក្រុមការងារគណបក្សដែលបានចូលរួម នាពេលនេះ គឺប្រៀបបានទៅនឹងសន្ធបជើងទ័ពសេះរបស់គណបក្សប្រជាជនកម្ពុជា ក៏បានសរបញ្ជាក់ឲ្យឃើញច្បាស់អំពីស្មារតីយកចិត្តទុកដាក់ និងបង្ហាញឲ្យឃើញនូវស្មារតី សាមគ្គីភាព ឯកភាពតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីថ្លៃថ្លា នៃដំណើរការលើកកម្ពស់ប្រជាប្រិយភាព និងកិត្យានុភាពរបស់គណបក្សក្នុងការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ។
ជាថ្មីម្ដងទៀត លោក នេត្រ ភក្ត្រា បានស្នើដល់អង្គបោះឆ្នោតទាំងអស់ ត្រូវត្រៀមលក្ខណៈ ឲ្យបានល្អប្រសើរក្នុងការបោះឆ្នោតដោយថែរក្សាឲ្យបានគង់វង្សនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណសម្គាល់ខ្លួនក្រុមប្រឹក្សា ឃុំ សង្កាត់ និងសូមអញ្ជើញទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា មានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលប្រព្រឹត្តិ ទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង៣:០០នាទីរសៀល នៅទីតាំងការិយាល័យបោះឆ្នោត វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ៕
ដោយ៖ តារា