ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមានខ្នងក្រាសហើយក្លឹបកម្សាន្តរាត្រី យីហោ នឹកEX នៅតែបន្តប្រមូលផ្តុំក្រុមក្មេងស្ទាវ ពពាក់ពពួននៅតាមដងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីជាធ្លាប់ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបិទក្លឹបម្តង និងធ្លាប់ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ហៅមកធ្វើកិច្ចសន្យា យ៉ាងណាក៏ដោយ ក៏ក្លឹបកម្សាន្តរាត្រី យីហោ នឹកEX នៅតែមិនអនុវត្តន៍តាមគោលការណ៍សន្តិសុខ និងគោរពតាមកិច្ចសន្យា នៅតែបន្តមិនសហការរាយការណ៍ ក្នុងករណីមានការប្រមូលផ្តុំក្រុមក្មេងទំនើង នៅបរិវេណមុខក្លឹបកម្សាន្ត និងប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈជាចំណតម៉ូតូភ្ញៀវ បង្កភាពអានាធិបតេយ្យ ដល់សង្គមជាតិ ដែលបញ្ហាប្រឈមទាំងនេះ ហាក់បង្កភាពអសន្តិសុខ ដល់សង្គមជាតិ ព្រោះតែការប្រមូលផ្តុំក្រុមក្មេងទំនើង ក្មេងស្ទាវ និងមនុស្សអសកម្មទាំងនោះ ជាប្រភពនៃអំពើហិង្សា វាយតប់ កាប់ចាក់គ្នា ។

ជាក់ស្តែងកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌ និងកម្លាំងជំនាញខណ្ឌដូនពេញ រួមទាំងកម្លាំងល្បាត បានចុះអប់រំណែនាំ ដល់អ្នកគ្រប់គ្រងក្លឹបកម្សាន្តរាត្រី នឹកEX កុំបណ្តោយអោយមានក្រុមក្មេងទំនើង ឈរពពាក់ពពួននៅទីតាំងមុខក្លឹប ជាពិសេស ពេលដែលក្រុមក្មេងស្ទាវទាំងនោះចេញពីក្លឹបមកវិញតែងតែពពាក់ពពួន មានប្រុស មានស្រី ដែលសកម្មភាពទាំងនេះគឺជាដើមចមនៃការវាយតប់គ្នារបស់ក្រុមក្មេងស្ទាវទាំងនោះ ហើយត្រូវរាយការណ៍ជាបន្ទាន់ក្នុងករណីសង្ស័យមានអំពើហិង្សា ដែលបង្កឡើងដោយក្រុមក្មេងទំនើងចេញមកពីក្នុងក្លឹបកម្សាន្ត ។ 

គួររំលឹកផងដែរថា ក្លឹបកម្សាន្តរាត្រី យីហោ នឹកEX ធ្លាប់បានត្រូវគណៈបញ្ជាឯកភាពខណ្ឌដូនពេញចុះបិទក្លឹបម្តងរួចមកហើយ ក្រោយកើតមានករណីហិង្សា ក្រុមក្មេងស្ទាវចេញពីក្នុងក្លឹបកម្សាន្តឈ្លោះគ្នា យកដបស្រាវាយក្បាលបណ្តាលអោយរងរបួសធ្ងន់ និងករណីហិង្សា គប់កែវ និងដបស្រា ដាក់គ្នា នៅក្នុងក្លឹប ពេលក្រុមក្មេងស្ទាវស្រវឹង ហើយឡើងរាំលេង ប៉ះគ្នា ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌដូនពេញបានហៅ អ្នកគ្រប់គ្រងក្លឹបមកធ្វើកិច្ចសន្យាផងដែរ ។

ជាចុងក្រោយប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរក្លឹបកម្សាន្តរាត្រី នឹកEX នេះបានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព ក្នុងការរស់នៅប្រចាំថ្ងៃ ដោយសារតែក្លឹបមួយនេះ បង្កការរំខាន ជាពិសេស នៅពេលយប់កណ្តាលអធ្រាត្រ តែងតែមានក្រុមក្មេងស្ទាវមកប្រមូលផ្តុំ និងបង្កជាការវាយតប់ស្ទើរមិនលោះថ្ងៃទេ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖