ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាមុខសញ្ញាកាច់សោ.កម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ជាមុខសញ្ញាកាច់សោ.កម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ទម្រាំឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យទាំង៣នាក់នោះ ឃើញសមត្ថកិច្ចជិះម៉ូតូល្បាតក្នុងភូមិសាស្រ្តក៏ព្យាយាមបើកម៉ូតូរត់គេចខ្លួន។

ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២ នៅចំណុចក្បែរឃ្លាំងអេតចាយមួយកន្លែង ស្ថិតនៅលើកំណាត់ផ្លូវ ភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែដេកលង់លក់ក៏ស្រាប់តែឮសំឡេងកាំភ្លើងបាញ់ចំនួន២ ទៅ៣គ្រាប់ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នារត់ចេញមកក្រៅផ្ទះស្រាប់តែឃើញសមត្ថកិច្ចប្រដាប់ទៅដោយអាវុធ បានប្រដេញតាមចាប់ជនសង្ស័យ៣នាក់ ខណៈឃាត់ខ្លួនបាន២នាក់ និងម្នាក់ទៀតផ្លោះរបងរត់គេចខ្លួនបាត់។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានឱ្យដឹងដែរថា មុនពេលឈានដល់ការឃាត់ខ្លួន សមត្ថកិច្ចយើងកំពុងតែល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញជនសង្ស័យទាំង៣នាក់ជិះម៉ូតូឌុបគ្នាម៉ាកស៊ុយហ្ស៊ុយគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-7029 ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ឆ្លងកាត់ពួកគាត់។ ដោយមានការសង្ស័យទើបសមត្ថកិច្ចហៅសួរនាំ ស្រាប់តែជនសង្ស័យទាំង៣នាក់ ធ្វើសកម្មភាពជិះរត់គេចតែម្តង ព្រមទាំងបើកម៉ូតូកៀរម៉ូតូសមត្ថកិច្ចយើងថែមទៀត រហូតដួលម៉ូតូខ្លួនឯង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ឆែកមើលក៏ឃើញមានវត្ថុតាងមួយចំនួន សង្ស័យជាឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់សោ.កម៉ូតូផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣នាក់ រួមទាំងម៉ូតូនិងវត្ថុតាងមួយចំនួនទៅប៉ុស្តិ៍នគរបាលដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីបន្ត៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖