ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សត្ថកិច្ចប្រាប់ថាៈយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វីលៀម ចិន (ហៅហុង) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ១គ្រឿង ម៉ាកZoomerX ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ1HG-3749។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា បើតាមការរៀបរាប់របស់ដើមបណ្ដឹងបានឱ្យដឹងថា ខ្លួនបានបើកហាងលក់បាយមួយកន្លែងនៅម្តុំក្រោយសាលារៀនមនោរម្យ ស្ថិតក្នុងក្រុងប៉ោយប៉ែត ហើយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យបានមកសុំការងារធ្វេី ពេលនោះខ្លួនក៏ទទួល ពេលចូលធ្វើការរហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥និង៣០នាទី ជនសង្ស័យបានសុំខ្ចីម៉ូតូរបស់ខ្លួន ម៉ាកZoomerX ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ1HG-3749 ប្រាប់ថា ទៅទិញម្ហូបមួយភ្លែត តែរូបខ្ញុំមិនបានឱ្យទេ មួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យលួចយកម៉ូតូជិះទៅបាត់ ហើយមិនឃើញត្រឡប់មកវិញទេ ហើយខ្លួនព្យាយាមទាក់ទងតាមទូរស័ព្ទក៏មិនចូលដែរ ទើបខ្លួនសម្រេចមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឈានដល់ការឃាត់ខ្លួនជនម្នាក់ឈ្មោះ ជ្រុន សុផាត (ហៅពោល) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិរស្មីសាមគ្គី ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងរួមមាន÷ ១.ម៉ូតូម៉ាកហុងដា ZoomerX ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ1HG-3749 ចំនួន០១គ្រឿង ដែលជាម៉ូតូរបស់ជនរងគ្រោះ។ ២.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង (រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ក្រោយឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី ចំណែកម៉ូតូត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ជូនម្ចាស់ដើមវិញហើយ ដោយឡែកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានផ្លាកលេខ ត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីស្រាវជ្រាវរកម្ចាស់៕
ដោយ៖ វណ្ណា